នាយករដ្ឋមន្ត្រីអង់គ្លេស បានចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយ បន្ទាប់ពីមានសុខភាព ប្រសើរឡើងវិញ

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស បានចាកចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រោយពីស្ថានភាពសុខភាពរបស់លោកបានប្រសើរជាងមុន ប៉ុន្តែត្រូវបន្តការព្យាបាលជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យថូម៉ាស់ (St Thomas) ដដែលក្នុងទីក្រុងឡុងដ៏។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ ទី ១០ ខែ មេសា ឆ្នាំ ២០២០។
ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសបានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រី ចនសុន កំពុងបន្តទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុតដើម្បីស្តារសុខភាពឡើងវិញដែលជាដំណាក់កាលដំបូង ហើយពេលនេះលោកមានស្មារតីរ៉ឹងប៉ឹងឡើងវិញហើយ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះនៅអង់គ្លេសមានករណីឆ្លងជំងឺ COVID-19 សរុប ៦៥,០៧៧នាក់ ស្លាប់ ៧,៩៧៨នាក់ និង អ្នកដែលជាសះស្បើយចំនួន ១៣៥នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia