ជ័យលាភីចំនួន៥ពីព្រឹត្តិការណ៍អន្តរជាតិ ដែលទទួលបានប្រាក់រង្វាន់ ជាង៦១៨លានរៀល ពីរាជរដ្ឋាភិបាលកម្ពុជា 

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ — ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល​កម្ពុជាជូន​ដល់កីឡាករ-កីឡាការិនីជ័យលាភីចំនួន៤ប្រភេទកីឡា ដែលដណ្តើមបានពី៥ព្រឹត្តិការណ៍អន្តរ​ជាតិនានា រួមមានកីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាសូហ្វតិន្នីស និងកីឡាអត្តពល​កម្ម​ជនពិការ ដែលបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ និងដណ្ដើមបានមេដាយកាលពី​ឆ្នាំ២០១៩ ដោយប្រាក់រង្វាន់សរុបចំនួន ៦១៨,៨០០,០០០រៀល។ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគ្រូបង្វឹក និង​កីឡាករ-កីឡាការិនីជ័យលាភី ក្រោមការអនុវត្ដនូវវិធានការមួយចំនួន តាមការណែនាំរបស់​ក្រសួងសុខាភិបាល ដើម្បីការពារជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ទៀតផង។ ចំពោះ​សមិទ្ធផល និងប្រាក់រង្វាន់ត្រូវបានប្រគល់ខាងលើ រួមមានកីឡាតេក្វាន់ដូ ITF ចូលរួមប្រកួត​ជើងឯកពិភពលោក ផ្នែកយុវជន លើកទី១៤ និងក្រុមជម្រើសជាតិ លើកទី២១ នៅប្រទេស​ប៊ុលហ្គារី ដណ្ដើមបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធិ១ ទទួលបានប្រាក់រង្វាន់ ២៣២.០០០.០០០រៀល។ ឯកីឡាប៉េតង់ ប្រកួតជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី​១៧ នៅរាជធានីភ្នំពេញ ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធិ១ ទទួលបានប្រាក់​រង្វាន់សរុប ១០៦.០០០.០០០រៀល។ ដោយឡែកកីឡាសូហ្វតិន្នីស ចូលរួមប្រកួតជើងឯកសាកលវិទ្យា​ល័យអាស៊ី លើកទី១ នៅហ្វីលីពីន ដណ្ដើមបានមេដាយសំរឹទ្ធ១ ទទួលបានប្រាក់រង្វាន់សរុប ៣៧.៤០០.០០០រៀល ហើយកីឡាសូហ្វតិន្នីសដដែល ចូលរួមប្រកួតជើងឯកយុវជនអាស៊ី លើកទី១ នៅហ្វីលីពីន ឈ្នះមេដាយសំរឹទ្ធ២ ទទួលបានប្រាក់រង្វាន់សរុប ៥៩.៤០០.០០០​រៀល។

ចំពោះការផ្ដល់រង្វាន់ចុងក្រោយអត្តពលិកកីឡាអត្តពលកម្មជនពិការបានចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក នៅសាធារណរដ្ឋប្រជាមានិតចិន ឈ្នះមេដាយប្រាក់១ និង​សំរឹទ្ធិ២ ទទួលបានប្រាក់រង្វាន់សរុប ១៨៤.៧០០.០០០រៀល៕

ដោយ ហេង ណាលីន