ឯកឧត្ដម ឃួង ស្រេង ចុះត្រួតពិនិត្យមើលគោលដៅច្រកចេញ-ចូលសំខាន់ៗតាមផ្លូវនានា ក្នុងរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលចេញបំរាម

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីសាលារាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណជិត ១០យប់ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯស័ក ព.ស. ២៥៦៣ ត្រូងនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យមើលភូមិសាស្ត្រ តាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលចេញបំរាម ហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងពីខេត្តចេញ-ចូលរាជធានី ភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង បានប្រសាសន៍ថា នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្ពុជាបានចេញ បទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ រហូតដល់ពីស្រុកមួយ ទៅស្រុកមួយទៀត ដោយចាប់អនុវត្តន៍ពីម៉ោង ២៤៖០០នាទីយប់ថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានចេញនៅថ្ងៃនេះ បានបញ្ជាក់ថា ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយ មិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត។ ប៉ុន្តែទោះបីជាយ៉ាងណា ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖

* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ។

* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្ត ត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន។

* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោល ដៅបំពេញភារកិច្ចរបស់ខ្លួន។

* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។

* រថយន្តពន្លត់អគ្គីភ័យ។

* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។

* ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យ លើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ។

បទបញ្ជានេះមានប្រសិទ្ធ ភាពអនុវត្តន៍ចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ៕

ដោយសួស សំរិត