រដ្ឋបាលខេត្តព្រះវិហារប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ប៉ុក ងួន ចូលកាន់មុខតំណែងអភិបាលក្រុងព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ។ ពិធីនេះក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានកោតសរសើរពីសមិទ្ធផល ការអភិវឌ្ឍពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងព្រះវិហារ ។ ដូចនេះយើងទាំងអស់គ្នាមានកាតព្វកិច្ច ថែរក្សាការពារឱ្យបានគង់វង្សនូវសមិទ្ធផលសង្គមលើគ្រប់វិស័យ ដែលយើងទាំងអស់គ្នាខិតខំកសាងបាន យ៉ាងលំបាកលំបិន ហើយនឹងបន្តរួមគ្នាធ្វើការការពារ កសាង អភិវឌ្ឍន៍មាតុភូមិរបស់យើងឱ្យទទួលនូវវឌ្ឍនភាពថ្មីៗថែមទៀត សម្រាប់គុណប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់ៗរូប ។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យក្រុមប្រឹក្សាគណៈអភិបាល ត្រូវរួមសហការឱ្យបានជិតស្និទ្ធក្នុងការបំពេញ ការងារប្រចាំថ្ងៃរបស់ខ្លួនជាពិសេសត្រូវរួមសហការគ្នាអនុវត្តន៍ការងារសំខាន់ៗ ជាអាទិភាពមួយ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ( COVID-19 )ដែលកំពុងរីករាលដាលនៅក្នុងពិភពលោក ៕

ដោយ ទិត ស្រ៊