ប្រធាន​មន្ទីរកសិកម្មខេត្តសៀមរាប​ចុះផ្សព្វផ្សាយអំពីវិធានការការពារ ការឆ្លងមេរោគកូវីដ-១៩ដល់ពលករដែលត្រឡប់មកពីប្រទេសថៃ

AKP សៀមរាប ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ — លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ​បានចុះទៅធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ ការឆ្លងមេរោគកូវីដ-១៩ ដល់ពលករដែលត្រឡប់មកពីប្រទេសថៃ និងបាន​ផ្តល់ម៉ាស់ អាល់កុល ឧបករណ៍វាស់កម្តៅ និងសាប៊ូ ដើម្បីឱ្យពួកគាត់យកទៅធ្វើអនាម័យឱ្យបានជាប្រចាំ រួមជាមួយការបាញ់ថ្នាំសម្លាប់មេរោគ ផងដែរ។

លោក ទា គឹមសុទ្ធ បាន​មាន​ប្រសាសន៍ថា ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពល រដ្ឋនៅក្នុង​ភូមិ សូមបងប្អូនដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវនៅដាច់ដោយឡែកពីគ្រួសារចំនួន១៤ថ្ងៃ និងត្រូវអនុវត្តន៍តាមវិធានការការពារឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការលាងដៃឱ្យបានស្អាតជានិច្ច ហើយបើមាន​រោគសញ្ញាសង្ស័យដូចជា ក្តៅខ្លួន ក្អក ហៀរសម្បោរ ថប់ដង្ហើម ត្រូវទៅជួបគ្រូពេទ្យនៅមូលដ្ឋាន។

លោកបន្តថា យើងមិនត្រូវធ្វេសប្រហែស និងមើលស្រាលលើឥទ្ធិលពលរីករាលដាលនៃវីរុសកូវីដ-១៩នេះឡើយ ព្រោះការធ្វេប្រហែសបាននាំឱ្យពិភពលោកធ្លាក់ចូលក្នុងគ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបាន។ ក្នុងនោះបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានទទួលរងដោយសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ក្រោមការស្លាប់មនុស្សយ៉ាងរង្គាលគួរឱ្យរន្ធត់ ដែលស្ថានភាពនោះ វាជាមេរៀនដ៏ជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងព្យាយាមពុះពារបញ្ចៀសស្ថានភាពដ៏អាក្រក់ទាំងនោះ មិនឱ្យកើតមាននៅកម្ពុជានោះឡើយ ។​ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មន្រ្តីរាជការ រួមគ្នាអនុវត្តន៍វិធានការនានាឱ្យមានប្រសិទ្ធភាព ដែលដាក់ចេញដោយក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប មាន​ពលករដែលត្រឡប់មកពីប្រទេសថៃគិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ មានចំនួន ៦៧នាក់ ក្នុងនោះអ្នកដែលបានឆ្លងផុត១៤ថ្ងៃមាន​ចំនួន ៥៣នាក់ និង១៤នាក់ទៀតកំពុងនៅដាក់ដោយឡែក៕

ដោយ ឃុត សៅ