AUF បង្កើតផែនការ ពិសេសប្រឈមនឹងការរីករាលដាលនៃមេរោគ COVID-19

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — ឆ្លើយតបនឹងការរីករាលដាលនៃមេរោគ COVID-19 នៅលើពិភពលោក ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានអនុម័តផែនការដែលពោរពេញដោយគំនិតផ្តួចផ្តើមមួយមានឈ្មោះថា គំរោងពិសេស AUF ក្នុងពេលរាតត្បាត COVID-19 « Plan AUF spécial pandémie COVID-19 » ដែលជាផែនការបង្ការគម្រោងជាច្រើនសម្រាប់សមាជិក និងដៃគូរបស់ខ្លួន ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ និងសម្រាប់ការគ្រប់គ្រងរបៀបធ្វើការងារផ្ទៃក្នុង ដូចជាការធ្វើការងារពីចម្ងាយជាទូទៅសំរាប់គ្រប់សាខាទាំង៦០របស់AUF នៅទូទាំងពិភពលោក ជុំវិញអ័ក្ស៤ និងសកម្មភាពចម្បងទាំង១០​ នេះបើយោងតាមសេចក្តីប្រកាសរបស់ AUF ដែល AKP ទទួលបាននារសៀលនេះ។

លោកសាស្រ្តាចារ្យ Slim Khalbous, សាកលវិទ្យាធិការ AUF បានលើកឡើងនាកិច្ចប្រជុំជាមួយក្រុមការងារទាំងអស់របស់ AUF តាមវីដេអូកុងហ្វេរ៉ង់ថា៖ “ ប្រឈមនឹងការវិបត្តិសុខាភិបាលកាន់តែធ្ងន់ធ្ងរដែលមិនធ្លាប់មាន AUF ត្រូវអនុម័តយ៉ាងឆាប់រហ័សនូវរបៀបដំណើរការរបស់ខ្លួនដើម្បីធានានិរន្តរភាពនៃសកម្មភាពទាំងឡាយរបស់ខ្លួន និងជួយជ្រោមជ្រែងដ៏មានប្រសិទ្ធិភាពដល់គ្រឹះស្ថានជាសមាជិក និងដៃគូរបស់ខ្លួននៅជុំវិញពិភពលោក។ ផែនការប្រកបដោយមហិច្ឆតានេះអាចឱ្យយើងចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគ COVID-19 ដោយគុណតម្លៃនៃការកៀងគរកម្លាំងដ៏ខ្លាំងក្លា នៃបណ្តាញរបស់យើង និងសាមគ្គីភាពដែលស្ថិតនៅក្នុងបេះដូងនៃសកម្មភាពរបស់យើង »។

AUF នឹងផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ការដឹកនាំ និងគ្រប់គ្រងការបណ្តុះបណ្តាលតាមអនឡាញក្នុងនោះAUF នឹងដឹកនាំសមាជិកទាំងអស់របស់ខ្លួនក្នុងការបង្កើតសម្ភារបច្ចេកទេសនិគរុកោសល្យ ដើម្បីកសាង និងបង្កើតកម្រងវគ្គបណ្តុះបណ្តាលតាមអនឡាញ ដោយសម្រួលការធ្វើបច្ចុប្បន្នភាព នៃគេហទំព័រ Plateforme LMS ដូចជាបង្កើត និងស្នើឡើងនូវឧបករណ៏បច្ចេកទេស និងគរុកោសល្យដើម្បីតម្លើង និងដឹកនាំថ្នាក់រៀនតាមរបៀបអនឡាញ តាមរយៈវិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់វិស្វកម្មនៃចំណេះដឹង និងការបណ្តុះបណ្តាលពីចម្ងាយ(IFIC)។ លើកទឹកចិត្តការដាក់ឱ្យប្រើប្រាស់ឧបករណ៏« Transfer » សំរាប់ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលតាមអនឡាញដែលមានទំនាក់ទំនងនឹងវិបត្តិសុខភាព និងអាចចូលប្រើប្រាស់ដោយសេរី។ ស្នើឡើងនូវលំហសហការ plateforme ANEUF ដើម្បីបង្ករភាពងាយស្រួលក្នុងការផ្លាស់ប្តូរជំនាញឯកទេសរវាងអ្នកស្រាវជ្រាវវ័យក្មេង។

ក្រៅពីជួយបង្កើតមធ្យោបាយបង្រៀនតាមអនឡាញ AUFក៏ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់អ្នកស្រាវជ្រាវវ័យក្មេងក្នុងគំនិតផ្តួចផ្តើមរបស់ពួកគេផ្សារភ្ជាប់នឹងការរីករាលដាលនៃមេរោគ។ AUFនឹងចាប់ផ្តើមផ្សព្វផ្សាយចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នូវការផ្តល់ជូនជាលក្ខណៈអន្តរជាតិតាមអសយដ្ឋាននៃសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវជាសមាជិករបស់ខ្លួននៅលើទ្វីបទាំង៥ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលជាតិ របស់និសិ្សត សិស្សវិស្វករ និងអ្នកស្រាវជ្រាវវ័យក្មេងទាក់ទងនឹងវិបត្តិសុខាភិបាល។

AUF គាំទ្រផ្នែកភស្តុភារដល់បណ្តាញសុខាភិបាលជាដៃគូរបស់AUF​ ក្នុងសកម្មភាទាំងឡាយរបស់ខ្លួនទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19 ដោយដាក់ឱ្យដំណើរការសកម្មភាពដំបូងៗជាមួយសន្និសីទអន្តរជាតិ នៃព្រឹទ្ធិបុរសមហាវិទ្យាល័យសុខាភិបាលប្រើប្រាស់ភាសាបារាំង(CIDMEF) នូវកម្មវិធីសំបូរបែបមួយដើម្បីជួយមហាវិទ្យាល័យសុខាភិបាលប្រើប្រាស់ភាសាបារាំងក្នុងការប្រឈមនឹងការរាលដាលនៃមេរោគ។

AUFផ្តល់តម្លៃព័ត៌មានវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យដោយតាមដា ននិងផ្សព្វផ្សាយប្រចាំសប្តាហ៏អំពីការវិវត្តន៍នៃមេរោគ« COVID-19 » ។ ព្រឹត្តិបត្តិនេះស្រង់ការផ្សព្វផ្សាយរួមសំខាន់ៗដែលទាក់ទងនឹងការរីករាលដាលនៃមេរោគ៖ រោគវិនិច្ឆ័យ ដំណោះស្រាយ និងគំនិតផ្តួចផ្តើមនៃពិភពអប់រំជាទូទៅ និងដៃគូរបស់AUFជាពិសេស។ AUFផ្សព្វផ្សាយបន្តនូវលទ្ធផលអង្កេតជាបីភាសា នៃសមាគមអន្តរជាតិនៃសាកលវិទ្យាល័យ (AIU) ស្តីអំពីការប្រឈមនៃមេរោគ COVID មកលើសាកលវិទ្យាល័យទាំងឡាយនៅជុំវិញពិភពលោក។

AUFដាក់ឱ្យប្រើប្រាស់ដោយសេរីនូវធនធានឌីជីថលដោយស្នើឡើងនូវធនធានសំខាន់ៗ ជាច្រើនតាមរយៈបណ្ណាល័យឌីជីថល និងធនធានជាង១១លានឯកសារដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ​ និងអាចឱ្យនិស្សិត​ និងសាស្ត្រាចារ្យអាចចូលមើលបាន និងអ្នកជំនាញរបស់ខ្លួន ១៨០ ០០នាក់ ដាក់បញ្ចូលក្នុងកម្រងអ្នកឯកទេសប្រើប្រាស់ភាសាបារាំង Atlas de l’expertise francophone ។ គេហទំព័រដែលអាចចូលមើលដោយឥតគិតថ្លៃ និងដោយសេរីស្នើឡើងដោយដៃគូរបស់​ AUF មានដូចជា Editions législatives ; EDUNAO (គេហទំព័របច្ចេកទេសអប់រំសម្រាប់ការផ្សព្វផ្សាយការសិក្សា) ; Microsoft (ផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់រយៈពេល៦ខែជុំវិញគេហទំព័រសហការ) ; Nomad Education ; Numérique Premium ; OpenClassrooms ; FUN MOOC ; Agorize ; YouScribe ; Editions Dalloz; Techniques de l’ingénieur. ដើម្បីទទួលបានការផ្តល់ជូនទាំងនេះត្រូវការ (ចុះឈ្មោះនិងកូដចូលសេរី) ៖ https://idneuf.auf.org/

ការផលិតវីដេអូអប់រំស្តីអំពី អភិបាលកិច្ចសាកលវិទ្យាល័យក្នុងពេលមានវិបត្តិ ៖

ក្នុងពេលបច្ចុប្បន្ន AUF អភិវឌ្ឍវីដេអូជាច្រើនដែលនឹងត្រូវផ្សព្វផ្សាយតាមអនឡាញស្តីអំពី អភិបាលកិច្ចសាកលវិទ្យាល័យក្នុងពេលជួបវិបត្តិ ដោយផ្តើមពីការស្រង់សក្ខីភាពពីអ្នកទទួលខុសត្រូវការបង្រៀននៅកំរិតឧត្តមសិក្សា និងការស្រាវជ្រាវ។ ឧបករណ៍គរុកោសល្យតាមអនឡាញសម្រាប់ក្រុមមេដឹកនាំគ្រឹះស្ថានជាសមាជិករបស់AUF នឹងត្រូវបង្កើតឡើងតាមរយៈវិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់អភិបាលកិច្ចសាកលវិទ្យាល័យ (IFGU) និងការសិក្សាតាមករណីនៅក្រោយជួបវិបត្តិ ដែលនឹងត្រូវកំណត់អត្តសញ្ញាណ សិក្សាវិភាគ និងវាយតម្លៃការអនុវត្តល្អៗ ដោយផ្តោតលើឧបករណ៏ដែលជួយសម្រួលអភិបាលកិច្ចឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងពេលមានវិបត្តិ។

សូមបញ្ជាក់ថា AUF ជាបណ្តាញសាកលវិទ្យាល័យពិភពលោកដែលមានគ្រឹះស្ថានជាសមាជិកចំនួន៩៩០ មានវត្តមាននៅក្នុងប្រទេសចំនួន១១៨ និងមានសាខាចំនួន៥៩ នៅលើទ្វីបទាំង៥។ នៅកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា ចំនួន ១០ ជាសមាជិករបស់ AUF ក្នុងនោះមាន រាជបណ្ឌិត្យសភាកម្ពុជា សាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិអប់រំ សកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យវិចិត្រសិល្បៈ៕

ដោយ នីកា