ក្រុមនគរបាលជាតិ ធ្វើការហ្វឹកហាត់ដោយស្មារតីប្រុងប្រយ័ត្ន ដើម្បីបង្ការជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ — អ្នកចាត់ការទូទៅក្រុមនគរបាលជាតិ លោក ប្រាក់ សុវណ្ណារ៉ា បានយកការហ្វឹកហាត់​អំឡុង​ពេល​​គ្មានការប្រកួតនេះ ដើម្បីណែនាំដល់កីឡាករឱ្យចេះធ្វើលំហាត់ប្រាណ និងយកចិត្ត​ទុកដាក់លើអនាម័យ និងជាពិសេសដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយរបស់ពួកគេដោយ​ស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា។ លោកបានបញ្ជាក់ថា ក្នុងពេលហ្វឹកហាត់នេះ គឺបានណែនាំ និងធ្វើការឈ្វេងយល់​​បន្ថែមពីវិធានការក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយ​ពួកគេត្រូវឆែក កំដៅ ជាប្រចាំ ត្រូវមានអនាម័យមុន និងក្រោយចាប់យករបស់អ្វីមួយ ត្រូវ​លាងដៃជាមួយសាប៊ូ ឬអាល់កុល និងរក្សាគម្លាតនៃការហ្វឹកហាត់ឱ្យឆ្ងាយពីគ្នារបស់កីឡាករ។ លោកក៏បង្ហាញនូវ​ការ​សោកស្តាយ​ចំពោះការកើតមាននូវជំងឺកូវីដ-១៩នេះដែល ធ្វើឱ្យការ​ប្រកួត​ទាំងអស់ត្រូវ​បាន​​ផ្អាក ដោយកីឡាករមិនបានជួបជុំគ្នា មិនបានជួបអ្នកគាំទ្រ ប៉ុន្តែពេល​នេះគឺជាវិធានការ​ដែលយើងទាំងអស់គ្នាត្រូវអនុវត្តន៍ តាមរយៈការការពារខ្លួនឯងកុំឱ្យឆ្លង មាន​ន័យថាយើង​បានជួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នេះដូចគ្នា។

គួរបញ្ជាក់ថា ការផ្អាកការប្រកួតបាល់ទាត់លីគកំពូលកម្ពុជានេះមិនទាន់​កំណត់ពេល​ដំណើរការឡើងវិញនៅឡើយទេ ខណៈដែលក្រុមនគរបាលជាតិ ដែលទើបលេងបាន៤ប្រកួត ក្នុងចំណោម៥សប្ដាហ៍ ហើយពុំទាន់រកបាន១ពិន្ទុនៅឡើយ ក្រោយឆ្លងកាត់៤ប្រកួត ចាញ់​ទាំង៤ប្រកួត៕

ដោយ ហេង ណាលីន