រដ្ឋសភា នឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ន មកអនុម័តនៅថ្ងៃទី១០ ខែមេសា ស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន មកពិភាក្សា និងអនុម័តទៅតាមការស្នើឡើងរបស់រាជរដ្ឋាភិបាលទុកជាការប្រញាប់។

បើយោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា  ក្រោមអធិ បតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នឹងមានរបៀបវារៈមួយចំនួនទៀតដូចជា បន្តការសម្រេច អំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម ជា វ៉ាន់ដេត ដែលបានសុំលាលែង។ ការបោះឆ្នោតជ្រើសតាំងឯកឧត្តម ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងឯកឧត្តម ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម៕

ដោយ ប៉ាល់សុង