សប្បុរសជននាំយកសម្ភារៈ និងថវិកា ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំង Covid-19

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ត ម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន មានដូចជា សម្ភារ និងថវិកា ក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19  នៅខេត្ដព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបាននាំយកអំណោយជាសម្ភារ និងថវិកា ឧបត្ថមមកដល់រដ្ឋបាលខេត្តព្រះសីហនុ បម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងខេត្តព្រះសីហនុ ។ នេះជាទឹកចិត្តជួយគ្នាហើយក៏ជាវប្បធម៌ នៃការចែក រំលែកក្នុងគ្រាដែលយើងរួមគ្នាប្រយុទ្ធនឹងជំងឺ Covid-19 នៅក្នុងខេត្តព្រះសីហនុ  ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមយ៉ាងផុលផុសជាមួយរដ្ឋបាលខេត្តព្រះសីហនុ ហើយអំណោយទាំងអស់នេះ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកឱ្យចំគោលដៅ មានដូចជា ក្រុមគ្រូពេទ្យ សមត្ថកិច្ចដែលធ្វើការ ងារពាក់ព័ន្ធនឹងជំងឺ Covid-19 ក៏ដូចជាមន្ត្រីមន្ទីរ អង្គភាពមួយចំនួន និងប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកមកពីខាងក្រៅប្រទេសជាដើម ។ ឯកឧត្តមក៏បានធ្វើការជូនពរដល់បងប្អូនសប្បុរសជនទាំងអស់ ឱ្យមានសេចក្ដីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នាពេលខាងមុខ ៕

ដោយ ងូ សុមុនី