ក្រុមប្រឹក្សាខេត្តកំពង់ធំបើកកិច្ចប្រជុំសាមញ្ញលើកទី​១០ អាណត្តិទី៣

AKP កំពង់ធំ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ — ព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវគណៈអភិបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀត។

ឯកឧត្តម ឈុន ឈន់ បានសំណូមពរដល់ក្រុមការងាររបស់ក្រុមប្រឹក្សាខេត្តដែលមានភារកិច្ចចុះតាមក្រុង-ស្រុកត្រូវស្រាវជ្រាវមើលសំណូមពរណាដែលចាំបាច់ត្រូវដោះស្រាយជូនមុនសំណូមពរណាបន្ទាប់ត្រូវដោះស្រាយក្រោយ។ ឯកឧត្តមបានបន្តទៀតថា បញ្ហាសំខាន់ទី១-គឺបញ្ហាដីធ្លី ជាបញ្ហាដែលមិនទាន់ដោះស្រាយចប់។ ទី២-សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ។ ក្នុងកិច្ចប្រជុំនោះរបៀបវារៈទី៣ ឯកឧត្តម ឈុន ឈន់ សូមលើកពេលសិនដើម្បីឱ្យសមាជិកក្រុមប្រឹក្សាខេត្ត និងនាយករដ្ឋបាលសាលាខេត្តរៀបចំសរសេរ  សេចក្តីព្រាងនេះឡើងវិញ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម សុខ លូ អភិបាលខេត្ត បានលើកឡើងអំពីបញ្ហាបរិស្ថាននៅទីប្រជុំជនក្រុង ជាពិសេសបញ្ហាសំរាមនៅតាមដងស្ទឹងសែន។ ឯកឧត្តម ក៏បានលើកឡើងពីការបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួនចូលរួមជាមួយគណៈកម្មាធិការជាតិប្រឆាំងជំងឺកូវិដ-១៩តាមសំណូមពររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាពមួយចំនួនបានចូលរួមហើយ ហើយការចូលរួមបរិច្ចាគនេះមិនមានការបង្ខិតបង្ខំនោះទេ គឺចូលរួមតាមការស្ម័គ្រចិត្ត។

សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន លោកបានប្រកាសហើយថាអត់ខ្វះលុយប្រឆាំងជំងឺកូវីដ-១៩ ទេប៉ុន្តែនេះចង់បង្ហាញពីការចូលរួមសាមគ្គីជាតិ ឯកភាពជាតិទាំងអស់គ្នា។ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា បញ្ហាប្រយុទ្ធប្រឆាំជំងឺកូវីដ-១៩ មន្ត្រីយើងបានចុះទៅដល់មូលដ្ឋានភូមិ ឃុំ ដើម្បីណែនាំពីការឆ្លងរាលដាលជំងឺកូវីដ-១៩ និងវិធីការពារការធ្វើអនាម័យ និងការប្រើប្រាស់ម៉ាសទាំងអស់គ្នា។

របៀបវារៈដែលបានលើកយកមកអនុម័តនាឱកាសនេះ រួមមាន៖ ១-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ធំ។ ៣-ពិនិត្យនិងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្ដីពីវេទិកាផ្សព្វផ្សាយនិ ងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ឆ្នាំ២០១៩។ ៤-ពិនិត្យ និងអនុម័តលើសេចក្ដីសម្រេចបង្កើតគណៈកម្មាធិកាលទ្ធកម្មខេត្តកំពង់ធំ ។ ៥- បញ្ហាផ្សេងៗ ៕

ដោយ ស៊ុម វណ្ណា