ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ ឆ្នាំ២០២០ ស្ដីអំពីជំងឺកូវីដ-១៩

AKP កំពង់ឆ្នាំង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងមានរៀបចំបើកសម័យប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តជាច្រើននាក់។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍ថា ការងារចាំបាច់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នេះ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយគណៈអភិបាលខេត្តចូលរួមដោះស្រាយសំណូមចាំបាច់ និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ទៀតថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើការក្រើនរម្លឹកដល់​អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធចូលរួមយ៉ាងសកម្មនូវរាល់បញ្ហាដែលកើតមាន ពិសេសត្រូវចុះធ្វើយុទ្ធានាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តមបានជំរុញឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយ​ អ​នុ​វ​ត្តន៍វិធាន​ការ​ចាំ​បាច់មួយចំនួនដូចជា ត្រូវលា​ងដៃ​ឱ្យ​បា​ន​ស្អា​ត​ជា​មួយសាប៊ូ និងទឹក​ស្អាត ​ឬអា​កុ​ល​លា​ងដៃឱ្យបានញឹកញាប់ ត្រូវខ្ទប់មាត់​ និងច្រមុះនៅ​ពេល​ក្អ​ក​ ឬកណ្ដាស់ ដោយប្រើ​កែងដៃ ឬ​ក្រ​ដា​​សអនាម័យ រួចបោះចោលក្នុងធុងសំរាមហើយគ្របឱ្យជិត ។ ​ប​ន្ទា​ប់​​​មកត្រូ​វលាង​ដៃឱ្យ​បា​ន​ស្អាតជាមួយសាប៊ូ និងទឹកស្អាត ត្រូវនៅឱ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅ ក្អកកណ្ដាស់ ឬផ្ដា​សា​យ​ ត្រូវចៀសវាង ការជួបជុំដែលមានមនុស្សចូលរួមច្រើន។ ចំពោះប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ពីក្រុមគ្រួសារ ឬសាច់ញាតិ ក្នុងករណី​មានរោ​គស​ញ្ញា​ណា​មួ​យ ​ឬ​មា​ន​បញ្ហាសុខភាពផ្សេងៗ សូមទំនាក់ទំនងទៅកាន់លេខ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោ​កអ្ន​កបំផុត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍បន្តថា អាជ្ញាធរខេត្ត ត្រូវចាត់វិធានការយ៉ាងម៉ឺងមាត់ ដល់កម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានក្រុង ស្រុក មន្ទីរ អង្គភាព ឱ្យសាមគ្គី សហការ ត្រៀមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺថ្មីកូវីដ-១៩ ។ អាជ្ញាធរក្រុង ស្រុកត្រូវពិនិត្យមើលពលករ ​និងប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅស្រុក ត្រូវស្រង់ទិន្ន័យឱ្យច្បាស់ លាស់ អប់រំផ្សព្វផ្សាយ ណែនាំឱ្យយល់ពីអនាម័យដែលត្រូវរួមគ្នាការពារ មិនឱ្យរាលដាលឆ្លង ឱ្យពួកគាត់នៅដាច់ដោយឡែក១៤ថ្ងៃសិន តាមដានសុខភាព បើមានសុខភាពមិនស្រួលត្រូវជួបគ្រូពេទ្យធ្វើតេស្តសុខភាពជាបន្ទាន់ ៕

ដោយ បៃ ស៊ីថុន