អាជ្ញាធរខេត្តកំពង់ចាម បានទទួលអំណោយជាបន្តបន្ទាប់ ពីសប្បុរសជននានាក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP កំពង់ចាម ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្តកំពង់ចាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានសប្បុរសជននានាក្នុង បាននាំយកអំណោយជាសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកា មកប្រគល់ជូនឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

សប្បុរសជនដែលបានឧបត្ថម្ភគាំទ្រដល់គណៈកម្មការខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ រួមមាន៖ ឯកឧត្តម ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលកំពង់ចាម បានឧបត្ថម្ភ ជាថវិកា ចំនួន១០.០០០ ដុល្លារអាម៉េរិក, ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឧបត្ថម្ភជាថវិកាចំនួន៥.០០០ដុល្លារអាម៉េរិក, មន្ទីរផែនការខេត្ត កំពង់ចាមចំនួន ៣.០០០.០០០រៀល, សភាពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី ជួយឧបត្ថម្ភជា អង្ករចំនួន៤តោន រួមទាំងទឹកស៊ីអ៊ីវចំនួន១៦០យូរ និងហាងលក់ម៉ូតូឈ្មោះ វ៉ា ពេជ្រ បានជួយឧបត្ថម្ភជាថវិកាចំនួន ៤.០០០.០០០រៀល។

លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងដែរថា កន្លងមក ចាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អាជ្ញាធរខេត្តកំពង់ចាមតែងតែបានទទួល អំណោយពីសប្បុរសជននានាជាបន្តបន្ទាប់រួមមាន៖ ក្រុមហ៊ុនមេនថេកខេមបូឌា ខូលិឌីធី នៅ ស្រុកកំពង់សៀមផ្តល់ជំនួយជាម៉ាស់ចំនួន១.០០០ម៉ាស់ និងអាវសម្រាប់គ្រូពេទ្យពាក់ការពារ ជំងឺឆ្លងកូវីដ-១៩ចំនួន១.០០០សម្រាប់។ ក្រុមហ៊ុនខាងស៊ាងលីបានផ្តល់ឧបករណ៍សម្រាប់ បាញ់សម្លាប់មេរោគកូវីដ-១៩ចំនួន៣០គ្រឿង។ រោងចក្រសាន់ស៊ូនៅស្រុកព្រៃឈរផ្តល់ សម្លៀកបំពាក់សម្រាប់ក្មេងចំនួន ៥.០០០សម្រាប់។ មន្រ្តីរាជការសាលាខេត្តកំពង់ចាម ឧបត្ថម្ភ ប្រាក់ចំនួនជាង១៦លានរៀល សមាជិកព្រឹទ្ធសភាភូមិភាគ២ កំពង់ចាម និងត្បូងឃ្មុំ ផ្តល់ម៉ាស់ ចំនួន៥.០០០ម៉ាស់, អាល់កុលចំនួន១២០លីត្រ រួមទាំងថវិកាចំនួន ៦.០០០.០០០រៀល និង មន្ត្រីសាលាខេត្ត ទឹកប្រាក់ចំនួន១៦.០៥០.០០០រៀល៕

ដោយ ឆាយម៉ុត