ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ខេត្តព្រះសីហនុ លើកទី១០ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិក ក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ការិយាល័យចំណុះសាលា ខេត្ត ព្រះសីហនុ នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

កិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ មានរបៀប វារ:ចំនួន៧រួមមាន៖ ១-មតិស្វាគមន៍បើកកិច្ចប្រជុំ, ២-ពិនិត្យកូរ៉ុម , ៣-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងរបៀបវារ:នៃកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត, ៤-ពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត, ៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាល ខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០), ៦-ស្តាប់របាយការណ៍ របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យ ប្រជាពលរដ្ឋខេត្តព្រះសីហនុ -គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ, -គណៈកម្មាធិការលទ្ធកម្ម, -គណៈកម្មាធិការសម្រ បសម្រួល បច្ចេកទេស, -គណៈកម្មាធិការ គ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត, -គណៈកម្មា ធិការរៀបចំដែនដីនគរូបនីយ កម្មខេត្ត, -ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ, និង ទី៧.មតិបូកសរុបរបស់ប្រធាន ក្រុមប្រឹក្សាខេត្តព្រះសីហនុ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍វាយតម្លៃ នៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សមត្ថកិច្ចធ្វើប្រតិបត្តិការការពារសន្តិសុខ សុវត្ថិ ភាពសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទន្ទឹមនឹងការអនុវត្តបានល្អក៏នៅមាន ចំណុចខ្វះខាតមួយចំនួនដែលត្រូវអនុវត្តន៍កែលម្អ តាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច របស់ ខេត្តព្រះសីហនុ។ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19 កុំឱ្យឆ្លងរាលដាលនៅក្នុងសហគមន៍មូលដ្ឋានកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ ងូ សុមុនី