សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖ មន្ត្រីអាជ្ញាកណ្តាលបាល់ទាត់ហ្វឹកហាត់នៅតាមផ្ទះ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — អ្នកគ្រប់គ្រងអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ទុយ វិច្ឆិកា បានគូស បញ្ជាក់ថា បើទោះបីការប្រកួតបាល់ទាត់គ្រប់កម្រិទទាំងអស់ត្រូវបានផ្អាកក្តី ប៉ុន្តែសម្រាប់​អាជ្ញាកណ្តាលមិនបានសម្រាកទាំងស្រុងនោះទេ ដោយពួកគាត់ត្រូវចូលរួមឆ្លើយឆ្លង​នូវ​សំណួរទាក់ទងនឹងបច្ចេកទេសក្នុងការកាត់សេចក្តី ដើម្បីពង្រីងស្មារតី និងជាពិសេស ត្រូវ​ធ្វើ​លំហាត់ប្រាណជាប្រចាំ ដើម្បីរក្សាកម្លាំងកុំឱ្យធ្លាក់ចុះ។ លោកបានបន្ថែមថា ក្នុងពេល​សម្រាក​នេះ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះ នាយកដ្ឋានអាជ្ញាកណ្តាល នៃសហព័ន្ធកីឡា​បាល់​ទាត់កម្ពុជាបានរៀបចំជាកម្រងសំណួរច្បាប់ល្បែង រួមជាមួយវីឌីអូផ្ញើជូនពួកគាត់​តាមសារ​អេឡិចត្រូនិក ដើម្បីឱ្យឆ្លើយ និងផ្ញើត្រឡប់មកវិញរបស់មន្ត្រីអាជ្ញាកណ្តាល ហើយលោក​នឹង​កែដាក់ពិន្ទុ និងផ្ដល់ឱ្យចម្លើយត្រឹមត្រូវទៅវិញ ដើម្បីឱ្យយល់ដឹងបន្ថែម ក៏ដូចជាជំនួយស្មារតី​ដល់ពួកគាត់។

អតីតអាជ្ញាកណ្តាលឆ្នើមរបស់កម្ពុជារូបនេះបន្តថា បើទោះអាជ្ញាកណ្តាលទាំងអស់​បាន​ហ្វឹកហាត់នៅតាមផ្ទះ និងឆ្លើយសំណួរបានល្អ ប៉ុន្តែពួកគាត់នៅតែអាចធ្លាក់ចុះ​នៅកម្រិត​សមត្ថភាពមួយចំនួន អាចមានការយឺតយ៉ាវ ព្រោះការប្រកួតនៅលើទីលានមានការប្រែប្រួល។

លោក ទុយ វិច្ឆិកា ក៏បានផ្តាំផ្ញើរឱ្យគ្រួសាអាជ្ញាកណ្តាលទាំងអស់ ក៏ដូចជាមហាជន​ទូទៅត្រូវចេះធ្វើអនាម័យ ថែទាំសុខភាព និងចៀសវាងការធ្វើដំណើតទៅរកកន្លែងទីប្រជុំជន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កុំឱ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩។

សូមរម្លឹកថា លោក ទុយ វិច្ឆិកា គឺជាអ្នកគ្រប់គ្រងអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា ហើយលោកក៏ជាអតិតអាជ្ញាកណ្តាលបាល់ទាត់កម្រិតអន្តរជាតិរបស់កម្ពុជាមួយរូប ដែលធ្លាប់ចេញទៅដឹកនាំការប្រកួតនៅក្រៅប្រទេសជាច្រើនទាំងក្នុងព្រឹត្តិការណ៍អន្តរជាតិ ប្រចាំតំបន់អាស៊ាន និងទ្វីបអាស៊ីជាដើម៕

ដោយ ហេង ណាលីន