ក្លឹបភ្នំពេញក្រោនឈ្នះពានគ្រូបង្វឹក និងកីឡាករល្អជាងគេ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — យោងតាមផេកផ្លូវការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា​ (CNCC) បានឱ្យដឹងថា លោក ស៊ុំ វណ្ណា គ្រូបង្គោល និងកីឡាករ Timothy Chiemerie Okereke នៃក្លឹបភ្នំពេញ​ក្រោនបានឈ្នះពានរង្វាន់គ្រូបង្វឹកល្អ និងកីឡាករល្អជាងគេប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដែល​ពិធីប្រគល់ និងទទួលពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Smart RSN ភ្នំពេញក្រោន កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។

ក្នុងពិធីប្រគល់ពានរង្វាន់គ្រូបង្វឹក និង កីឡាករល្អជាងគេ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដោយលោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិទទួលដឹកនាំលេខាធិការដ្ឋាននៃ​គណៈ​កម្មការ​ប្រកួតបាល់ទាត់ជាតិកម្ពុជាប្រគល់ជួនដល់លោកគ្រូ ស៊ុំ វណ្ណា និងកីឡាករ Timothy Chiemerie Okereke ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលជាសមាជិកនៃក្របខ័ណ្ឌលីគ​កំពូល​កម្ពុជា ដែលមានក្រុមចូលរួមប្រជែងជើងឯក សរុបចំនួន១៣ក្រុម។

សូមរម្លឹកថា ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ការប្រកួតលីគកំពូល​បានផ្អាកការប្រកួតជាច្រើនសប្តាហ៍មកហើយ ដោយការប្រកួតបានសម្រាកបណ្តោះអាសន្ន​ត្រឹម៥សប្តាហ៍ ខណៈភ្នំពេញក្រោនកំពុងឈរនៅលេខ១បណ្តោះអាសន្ន ដែល៥ប្រកួតឈ្នះ​៤ប្រកួត និងស្មើ១ប្រកួត មាន១៣ពិន្ទុ៕

ដោយ ហេង ណាលីន