ឯកឧត្ដម ហ៊ុន ម៉ានី នាំយកអំណោយ មកប្រគល់ជូនសាលារាជធានីភ្នំពេញ 

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — ដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងត្រូវការជំនួយ  ខណៈដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ហ៊ុន ម៉ានី បាននាំយកអង្ករចំនួន ១០តោន និងមីចំនួន២០០កេស បរិច្ចាគក្រោមគម្រោង សប្បុរសរបស់មូលនិធិម៉ានី ប្រគល់ជូន ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយជាក់ស្តែង។

រយៈពេលកន្លងមកនេះ សកម្មភាព សប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជា ថវិកា ជាសម្ភារៈ ឬជាគ្រឿងឧបភោគបរិភោគផ្សេងៗរបស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួម គ្នាទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀត នោះរាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ រាជរដ្ឋាភិបាលបានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខុមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។

ជាមួយនឹងការ នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់សាលារាជធានីភ្នំពេញ មូលនិធិម៉ានី បានសម្របសម្រួលអ្នកស្ម័គ្រចិត្តមកពីបណ្តាក្រុមយុវជនចំនួន ១៦ក្រុមផ្សេងៗ គ្នា និងបានរួមសហការគ្នារៀបចំជាកញ្ចប់ ទៅប្រគល់ជូនដល់សង្កាត់ទាំង១០៥ ទូទាំង រាជធានីភ្នំពេញ ដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋ  ដោយក្នុងមួយ សង្កាត់នឹងទទួលបាន ចំនួន ១០០កញ្ចប់។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម ហ៊ុន ម៉ានី ដែលនាពេលកន្លង មក ក៏ដូចពេលបច្ចុប្បន្ននេះ ឯកឧត្ដមតែងតែជួយឧបត្ថម្ភមកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋដែលកំពុងជួបការ ខ្វះខាតក្នុងជីវភាពគ្រួសារ៕

ដោយ សួស សំរិត