រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំឱ្យប្រជាពលរដ្ឋបង្កើនការដាំដំណាំកសិកម្មក្នុងស្រុកឱ្យបាន គ្រប់គ្រាន់ ខណៈមានការបិទការនាំចូលដោយសារជំងឺកូវីដ-១៩

AKP កំពត ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យពង្រឹងវិស័យកសិកម្មដែលជាមុខព្រួញសំខាន់នោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្ដម វេង សាខុន បានណែនាំ​ឱ្យប្រជាពលរដ្ឋបង្កើនការដាំដំណាំកសិកម្មក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ខណៈពេលមាន ការ បិទការនាំចូលដោយសារតែកំពុងប្រឈមបញ្ហាជាមួយនឹងជំងឺកូវីដ-១៩។ ការណែនាំរបស់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្មនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ  ហ៊ុន សែន បានអំពាវនាវ​ឱ្យ​ពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញការផលិតក្នុងស្រុករួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះ បង្កើតជាកាលានុវត្តភាព​សម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅដើម្បីចូលរួមបង្ការ និង​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងការចុះមកពិនិត្យសកម្មភាពជាក់ស្តែង និងវឌ្ឍនភាពនៃគម្រោងស្តីពី “កម្មវិធីផ្សព្វ​ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE” នៅស្រុកបន្ទាយមាស ខេត្តកំពត នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម វេង សាខុន បានជំរុញដល់អង្គភាពអនុវត្តន៍ និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពី សកម្ម​ភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដើម្បីក្រសោបយក​ឱកាសមាសនេះមកកាន់ក្នុងដៃឱ្យបានដោយត្រូវបង្កើនការផលិតទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ឯកឧត្ដមបានណែនាំដល់​អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការឱ្យបានពេញលេញជាមួយមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល និងឧបត្ថម្ភ គាំទ្រគ្រប់បែប​យ៉ាង​ក្នុងទិសដៅចម្បងគឺបង្កើនការផលិតក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ក្នុងខណ:ដែលយើងបិទការ​នាំចូល​កសិផលពីខាងក្រៅ។  ជាមួយគ្នានេះ ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល​ថែមទៀត ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឱ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីអន្តរស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាពធ្វើយ៉ាងណាឱ្យការអនុវត្ត​កម្មវិធី​បានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទាន ប្រកបដោយ​តម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និង​យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមបានក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋទាំងអស់​ត្រូវ​តែបង្កើនការប្រុងប្រយ័ត្នដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យមានប្រសិទ្ធ​ភាព​ដោយ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលតាមរយ: ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទាន សម្រាប់អនុវត្តន៍​កម្មវិធី​ខាងលើទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ឯកឧត្ដមបានបន្ថែមថា ជំនួយសម្រាប់​អភិវឌ្ឍន៍វិស័យកសិកម្មដោយផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព តាមរយៈការ បង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់​បច្ចេកទេស​ទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ បណ្តុំ​អាជីវកម្ម និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈនៃគំនិតផ្តួចផ្តើម និងចក្ខុវិស័យ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វ​ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួល​អាកាសធាតុ គឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់​ទៅនឹង​ការប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយ​ផ្តោតលើ ទី១. ការលើកកម្ពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការកសិករ​ខ្នាតតូច។ ទី២. ជួយកសិករឱ្យចេះធ្វើអាជីវកម្មកសិកម្មពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាម បែបពាណិជ្ជកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ និងក្លាយជាសហគ្រិនភាពនៅទីជនបទ។

ឯកឧត្ដម វេង សាខុន បានបញ្ជាក់ទៀតថា បើយោងលើសមិទ្ធផលដ៏ធំធេងដែលកម្មវិធី​សម្រេចបាន គឺពិតណាស់បានចូលរួមអនុវត្តន៍យ៉ាង​ពេញ​លេញ នូវយុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័កសិកម្ម ២០១៩- ២០២៣ ក្នុងទិសដៅ​គោលគឺ​​ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ រក្សានិរន្តរភាពប្រាក់ចំណូល និងនរវា​នុវត្តន៍​ឱ្យទាន់ទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ការប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ ក្នុងបរិបទដែលពិភពលោកបាននិ ងកំពុងតែ​ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩៕

ដោយ  ប៊ុនរិទ្ធ