ក្រសួងព័ត៌មាន និងក្រសួងអប់រំ ចុះហត្ថលេខាលើអនុស្សរណៈស្ដីពីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — ការចុះអនុស្សរណៈនៃការយោល់គ្នាស្ដីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី ការសិក្សា​ពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លើប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជា និង App ក្រសួងព័ត៌មាន រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានចុះហត្ថ​លេខាដោយ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួព័ត៌មាន និង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការចុះអនុស្សរណៈនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល​កម្ពុជា ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជា ណា ចក្រកម្ពុជា និងក្នុងស្មារតីធានាសេវាអប់រំប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្ស​នៅជនបទអាចទទួលបានការអប់រំប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅទីក្រុង​ផងដែរ។ ជាងនេះទៀតអនុស្សរណៈនៃការយោល់គ្នា ស្ដីពីការរៀបចំផលិត និងផ្សព្វផ្សាយ​កម្មវិធី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក៏ មានគោលដៅគាំទ្រការ​អប់រំដែលមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងកាសិក្សា​ពេញ​មួយជីវិតសម្រាប់ទាំអស់គ្នា ជាពិសេសការលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិបទសេដ្ឋ​កិច្ច​ឌីជីថល និងក្នុងគោលដៅ លើកកម្ពស់ការទទួលបានសេវាអប់រំប្រកបដោយសមធម៌ និង​គុណភាព សម្រាប់សិស្សានុសិស្សគ្រប់រូបនៅគ្រប់ភូមិសិក្សា នៅក្នុងដំណាក់កាលនៃ​ការដាក់​ឱ្យឈប់សម្រាកវិស្សមកាលតូចមុនកាលកំណត់ ក៏ដូចជាដំណាក់កាលជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ កម្មវិធីនេះ ក៏ធ្វើការផ្សព្វផ្សាយ និងផ្ដល់ជូនសិស្សានុសិស្សនៅគ្រប់ទីកន្លែង​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អាចទទួលបានការអប់រំដោយវិធីសាស្ត្រ «ការសិក្សា​ពីចម្ងាយ» ប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព  លើកកម្ពស់ការរៀបចំ និងអនុវត្តន៍​ប្រព័ន្ធ​ «សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក»។

បើតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បន្ទាប់ពីវិស្សមកាលមុនកាលកំណត់នៅថ្ងៃទី ១០ ខែមីនា​ឆ្នាំ២០២០ មានសិស្សគ្រប់កម្រិតសិក្សាបានចាប់ផ្ដើមរៀនតាមប្រព័ន្ធអនឡាញ​ដែលក្រសួង​បានរៀបចំ ដែលក្នុងនោះមានសិស្សចំនួនជាង២សែននាក់ ប្រហែលជាជិត២០ភាគរយ ក្នុង​ចំណោមសិស្សទាំងអស់ប្រមាណជិត៣លាននាក់ បានចុះឈ្មោះរៀនតាមប្រព័ន្ធអនឡាញ​នេះ៕

ដោយ ជឹម ណារី