ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាអត់ធ្មត់បន្ដស្នាក់នៅជាបណ្តោះអាសន្ននៅទីកន្លែងដែលខ្លួនកំពុងស្នាក់នៅ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៨ ០៤ ២០២០ ៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិតកម្ពុជា សូមមេត្តាអត់ធ្មត់បន្ដស្នាក់នៅជាបណ្តោះអាសន្ននៅទីកន្លែងដែលខ្លួនកំពុងស្នាក់នៅ។
តាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូកកម្ពុជាប្រចាំនៅទីក្រុងគូឡាឡាំពូ បានឲ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងឱកាសសន្និសីទសារព័ត៌មាន នៅវិមានសន្ដិភាព កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសម៉ាឡេស៊ី សូមមេត្តាកុំព្យាយាមរកមធ្យោបាយវិលត្រឡប់ទៅកម្ពុជាវិញក្នុងអំឡុងពេលនេះ និងសូមមេត្តាអត់ធ្មត់បន្ដស្នាក់នៅជាបណ្តោះអាសន្ននៅទីកន្លែងដែលខ្លួនកំពុងស្នាក់នៅ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មីពីស្ថានទូត។
សេចក្ដីជូនដំណឹងដដែលបន្ដថា នៅក្នុងអំឡុងពេលនៃការអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលកំពុងស្ថិតនៅជាធរមានរហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ សូមប្រជាពលរដ្ឋទាំងអស់ ប្រកាន់ខ្ជាប់ការថែរក្សាអានាម័យផ្ទាល់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវលាងដៃនិងសាប៊ូ ឬទឹកអាល់កុលអនាម័យឲ្យបានញឹកញាប់ សូមពាក់មាការពារនៅពេលចេញក្រៅ ត្រូវថែរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រ ក្នុងចំណោមមនុស្សនៅកន្លែងសាធារណៈ និងមិនត្រូវធ្វើដំណើរទៅទីកន្លែងដែលអាជ្ញាធរម៉ាឡេស៊ី បានហាមឃាត់ជាបណ្តោះអាសន្ននោះទេ។
សូមបញ្ជាក់ថា ប្រសិនបើក្នុងករណីចាំបាច់ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អាចទំនាក់ទៅស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ឬក៏ទំនាក់ទំនងរដ្ឋាភិបាលម៉ាឡេស៊ីជាបន្ទាប់។