អភិបាលខេត្តកោះកុង ចុះសួរទុក្ខយោធិនពិការ និង កងទ័ពតំបន់ប្រតិបត្តិការសឹករងស្រុកមណ្ឌលសីមា

AKP កោះកុង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំគណៈប្រតិភូថ្នាក់ខេត្តចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារដល់យោធិនពិការ ដែលសម្ព័ន្ធមេត្រីភាពនៅតំបន់ប្រតិបត្តិការសឹករង ស្រុកមណ្ឌលសីមា ទោះបីកំពុងមមាញឹកនឹងការងារទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដោយ។

លោកជំទាវ មិថុនា ភូថង បានណែនាំដល់កងទ័ពដែលកំពុងឈរជើងការពារអធិប   តេយ្យ បូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវបង្កើនការថែរក្សាសុខភាពឱ្យបានរឹងមាំ។ រួមចំណែកទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ បើស្រឡាញ់គ្នាត្រូវនៅឱ្យឆ្ងាយពីគ្នា ក្នុងរយៈពេលនេះ។ សូមកងទ័ពដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែនទាំងអស់ ចាំបាច់ព្យាយាមនៅឱ្យឆ្ងាយពីគ្នាបន្តិច ត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឱ្យបានញឹកញាប់គ្រប់ពេលវេលា ដើម្បីចៀសផុតពីជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ-១៩ នេះតែម្តង ខណៈនេះរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង រដ្ឋបាលខេត្ត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតាមដាន ទប់ស្កាត់ និង ព្យាបាលជំងឺកូវីដ-១៩ ។

ទាក់ទិននឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ លោកជំទាវ មិថុនា ភូថង បញ្ជាក់ជាថ្មីទៀតថា គឺមិនអនុញ្ញាតឱ្យមានការជួបជុំគ្នាធំដុំអ្វីទេ ដោយរក្សានូវភាពស្ងៀមស្ងាត់ទាំងអស់គ្នាផងដែរ។ ទន្ទឹមនោះ លោកជំទាវ ក៏ជឿជាក់ថា ប្រជាពលរដ្ឋ មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ អនុវត្តន៍បានយ៉ាងល្អប្រសើរ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ ដើម្បីរក្សាសន្តិភាព សេដ្ឋកិច្ច និង ការអភិវឌ្ឍជាតិមាតុភូមិឱ្យរីកចម្រើនបន្ត ។

លោក សូ សាវ៉ាត មេបញ្ជាការសឹងរងស្រុកមណ្ឌលសីមា បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តរបស់រដ្ឋបាលខេត្ត។ ទោះបីជារវល់ការងារយ៉ាងណាក៏ដោយ ក៏លោកជំទាវ អភិបាលខេត្ត និង មន្ទីរអង្គភាពជំនាញ តែងតែគិតគូរសុខទុក្ខអ្នកនៅសមរភូមិជួរមុខ និង ទ្រទ្រង់នូវជីវភាពចាំបាច់របស់កងទ័ព ដែលជាកម្លាំងចលករតតាំងសត្រូវជានិច្ច៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកោះកុង)