ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង ឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ក្នុងការបង្ការទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ ដល់រដ្ឋបាលស្រុករលាប្អៀរ 

AKP កំពង់ឆ្នាំង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃ អង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា​ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តសេនីយ៍ សឹងសំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភសម្ភារផ្ទាល់ខ្លួនសម្រាប់ត្រៀមបង្ការ ជូនដល់រដ្ឋបាលស្រុករលាប្អៀរ រួមមាន៖ អង្ករ ៦៦បេ, ត្រីខ៦៥យួរ, សាប៊ូ ២០ដុំ, ឆៃប៉ូវ ៦៥គីឡូក្រាម , ក្រមា ៨០ ,  អាល់កុល ៦០លីត្រ , និងថវិកា ២លានរៀល ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមេនីយ សឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជួយស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួមទាំងសហការីសាខាកាកបាទក្រហម អនុសាខា និងមន្រ្តីខេត្ត ក៏បានបន្តចុះធ្វើសកម្មភាពផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីត-១៩ ជូនដល់ប្រជាពលរដ្ឋ ដើ​ម្បី​​ទប់ស្កាត់កា​ររីករាល​ដាលមកលើប្រជាពលរដ្ឋ ក្រុ​មគ្រួសា​រ ​សហគមន៍ និងបងប្អូនវិលត្រឡប់មកពីក្រៅស្រុក ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ផ្សព្វផ្សាយវិធានការ ស្ដីពីការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតទូទាំងសកលលោក ។ នៅក្នុងតំបន់ផ្សេងៗទៀត ជាពិសេសប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ  និងសមត្ថភាពនៅមានកម្រិត បានរៀបចំផែនការបម្រុងទុកក្នុងការទប់ទល់នឹងការផ្ទុះជំងឺកូវីត-១៩ ជាទ្រង់ទ្រាយធំ។

ឯកឧត្តមមានប្រសាសន៍បន្តថា សូមបងប្អូនប្រជាពលរដ្ឋមេត្តាអ​នុ​វ​ត្តន៍វិធាន​ការ​ចាំ​បាច់មួយចំនួន ដូចជា ត្រូវលា​ងដៃ​ឱ្យ​បា​ន​ស្អា​ត​ជា​មួយសាប៊ូ និងទឹក​ស្អាត ​ឬអាល់​កុ​ល​លា​ងដៃឱ្យបានញឹកញាប់ ត្រូវខ្ទប់មាត់​ និងច្រមុះនៅ​ពេល​ក្អ​ក​ ឬកណ្ដាស់ ដោយប្រើ​កែងដៃ ឬ​ក្រ​ដា​​សអនាម័យ រួចបោះចោលក្នុងធុងសំរាមហើយគ្របឱ្យជិត ។ ​ប​ន្ទា​ប់​​​មកត្រូ​វលាង​ដៃឱ្យ​បា​ន​ស្អាតជាមួយសាប៊ូ និងទឹកស្អាត ត្រូវនៅឱ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដា​សា​យ​ ត្រូវចៀសវាងការជួបជុំដែលមានមនុស្សចូលរួមច្រើន។ ឯកឧត្តមបានបន្តថា ចំពោះប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ពីក្រុមគ្រួសារ ឬសាច់ញាតិ។ ក្នុងករណី​មានរោ​គស​ញ្ញា​ណា​មួ​យ​ឬ​មា​ន​បញ្ហាសុខភាពផ្សេងៗ សូមទំនាក់ទំនងទៅកាន់លេខ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោ​កអ្ន​កបំផុត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានឱ្យដឹងទៀតថា អាជ្ញាធរខេត្ត បានចាត់វិធានកាយ៉ាងម៉ឺងមាត់ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋានក្រុង ស្រុក មន្ទីរ អង្គភាពនានាឱ្យសាមគ្គី សហការ ត្រៀមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងឱ្យអាជ្ញាធរក្រុង ស្រុកពិនិត្យមើលកម្មករ​ និងប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅស្រុក ត្រូវស្រង់ទិន្ន័យឱ្យច្បាស់លាស់ អប់រំផ្សព្វផ្សាយ ណែនាំឱ្យយល់ពីអនាម័យដែលត្រូវរួមគ្នាការពារ មិនឱ្យរាលដាលឆ្លង ។ ឱ្យពួកគាត់នៅដាច់ដោយឡែក១៤ថ្ងៃសិន តាមដានសុខភាព មានលក្ខណៈមិនស្រួលត្រូវជួបគ្រូពេទ្យធ្វើតេស្តសុខភាពជាបន្ទាន់ ៕

ដោយ បៃ ស៊ីថុន