អភិបាលខេត្តកណ្តាល ដឹកនាំក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើការកែសម្រួលនូវសេចក្ដីសម្រេចមួយចំនួនរបស់រដ្ឋបាលខេត្ត

AKP កណ្ដាល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សា លើការកែសម្រួលនូវសេចក្ដីសម្រេចមួយចំនួនរបស់រដ្ឋបាលខេត្ត ឆ្លើយតបទៅនឹងស្ថានភាព និង តម្រូវការជាក់ស្ដែងបច្ចុប្បន្នរបស់ខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធនានា ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដល់បណ្តាមន្ទីរ អង្គភាពក៏ដូចជាកងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អ ដែលបានធ្វើឱ្យប្រជាពលរដ្ឋទទួលបានការយល់ដឹងអំពីវិធានការការពារពីការឆ្លង មានការប្រុងប្រយ័ត្នខ្ពស់ និងឈប់មានការភ័យខ្លាច។

ឯកឧត្ដម អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ក្រុមគ្រូពេទ្យជំនាញ ត្រូវបន្តចុះធ្វើការផ្សព្វផ្សាយសារអប់រំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានច្រើនដងនៅតាមគោលដៅនៅមូលដ្ឋានខ្លួនបន្តទៀត ជាពិសេសត្រូវឆ្លើយតបឱ្យបានទៅនឹងព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះដែរក៏មានរបៀបវារៈសំខាន់ចំនួន ១២សម្រាប់ដាក់ឱ្យអង្គប្រជុំធ្វើការពិនិត្យ និងពិភាក្សាផងដែរ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)