ក្រុមហ៊ុនមរកតជេនេរ៉ល ផ្តល់សម្ភារចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដល់ក្រសួងបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩(COVID-19) កាលពីថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន មរកត ជេនេ   រ៉ល អ៊ីមផត អិចផត ឯ.ក(MORAKOT GENERAL IMPORT EXPORT CO., LTD)បានផ្តល់សម្ភារ រួមមា នអាល់កុល និងទឹកលាងដៃ ជូនដល់ក្រសួងបរិស្ថាន។

យោងលើអត្ថបទព័ត៌មានដែលចុះផ្សាយលើបណ្តាញសង្គម របស់ក្រសួងបរិស្ថានបានឱ្យដឹងបន្តថា ពិធីប្រគល់ និងទទួលសម្ភារទាំងនេះបានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្ដម ជ្រិន សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងលោក XIANG XIAQJIE ប្រធានក្រុមហ៊ុន មរកត ជេនេរ៉ល អ៊ីមផត អិចផត ឯ.ក ព្រមទាំងមានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយតំណាងក្រុមហ៊ុនមួយចំនួនទៀត។

ប្រភពខាងលើបន្តថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា(កូវីដ-១៩) នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានប្រគល់ជូនក្រសួងបរិស្ថាន ជាសម្ភារអាល់កុល និងទឹកលាងដៃ នៅពេលនេះ សរុបមានចំនួន ៣៥កេស រួមមាន៖ ១-ជែលលាងដៃស្ងួតចំណុះ៥០០មីលីលីត្រ ចំនួន១០កេស ស្មើនឹង៣០០ដប។ ២-ជែលលាងដៃស្ងួតចំណុះ៣០០មីលីលីត្រ ចំនួន១០កេស ស្មើនឹង៤០០ដប។ ៣-ជែលលាងដៃស្ងួតចំណុះ១០០មីលីលីត្រ ចំនួន១០កេស ស្មើនឹង៥០០ដប ។ ៤-ស្ព្រាយបាញ់ចំណុះ១០០មីលីលីត្រ ចំនួន៥កេស ស្មើនឹង៥០០ដប ៕

ដោយ ពេជ្រ ណារិទ្ធ