រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ គណៈកម្មការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិ​បត្តិការអន្តរជាតិ ត្រូវកំណត់តូនាទី ភារកិច្ច  និងទទួលការងារឱ្យច្បាស់លាស់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានផ្តល់មតិយោបល់ណែនាំ​ដល់គណៈ​កម្មការ​សម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន ក្នុងការ​​ធ្វើយ៉ាងណាយកចិត្តទុកដាក់ នៅក្នុងការកំណត់តូនាទីភារកិច្ច សម្រាប់​សមាជិក​ក្នុង​គណៈកម្មការនីមួយៗ ឱ្យទទួលការងារច្បាស់លាស់តាមផែនរបស់ខ្លួន។

ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ  រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា គណៈកម្មការនេះ ត្រូវធ្វើទំនាក់ទំនាក់ទំនងឱ្យបានល្អ ជាមួយដៃគួអភិវឌ្ឃន៍ បណ្តា​ប្រទេស​នានាក្នុងតំបន់ និង​ពិភពលោក ទាំងទ្វេភាគី និងពហុភាគី។ ឯកឧត្ដមបានបញ្ជាក់ថា តាមរយៈការធ្វើកិច្ច​សហការល្អ គឺអាចជួយឱ្យដំណើរការនៃការអនុវត្តតូនាទី និងភារកិច្ច ក៏ដូចជាផែនការ​សម្មភាព ជាពិសេសការកសាងធនធានមនុស្ស នៃវិស័យព័ត៌មានបានល្អ ក៏អាចជួយដល់ការ​ពង្រឹងទំនាក់ទំនងល្អ រវាងប្រទេស និងប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។ 

បើតាមការបញ្ជាក់របស់ ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មានបានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ គឺដើម្បីធ្វើការប្រកាសសមាសភាព របស់  គណៈកម្មការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ ក្រសួងព័ត៌មាន ដែលមានឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ជាប្រធាន គណៈកម្មការនេះ។​ ឯកឧត្ដមបានបន្ដថា កិច្ចប្រជុំនេះ ក៏បានធ្វើការពិនិត្យលើកិច្ចការអន្តរជាតិ មួយចំនួន ដែលក្រសួងព័ត៌មាន បានធ្វើក្នុងពេលកន្លងមក ទាក់ទងទៅនឹងកិច្ចសហ​ប្រតិបត្តិ​ការទ្វេភាគី និងពហុភាគី ទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ព្រមជាមួយនឹង​ការពិនិត្យបញ្ហាប្រឈមមួយចំនួន នៃកិច្ចសហការទំនាក់ទំនងអន្តរជាតិ នាពេលកន្លង​មក​។

ឯកឧត្ដមបានបន្ថែមថា គណៈកម្មការក៏បានពិនិត្យពិភាក្សា របៀបរបបនៃការ​បំពេញ​ការងារ របស់គណៈកម្មាធិការ សម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរ​ជាតិ នៃ ក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិ​បត្តិការ​អន្តរជាតិ នៃ ក្រសួងព័ត៌មាន ដែលមានយន្តការធ្វើកិច្ចការងារ ដោយនាយកដ្ឋាន ទំនាក់ទនងអន្តរជាតិ ជាសេនាធិការផ្ទាល់ ក្នុងការប្រមូលចងក្រង គ្រប់ព័ត៌មានទាំងអស់ ដែលមានការទាក់ទងទៅ ផ្នែកអន្តរជាតិ ទាំងទ្វេភាគី និង ពហុភាគី ជាមួយបណ្តាប្រទេស នានាក្នុងពិភពលោក៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា