ការប្រកួតកីឡាទេសចរណ៍ កីឡាប្រពៃណី ត្រូវលុបចោល សម្រាប់បុណ្យចូលឆ្នាំខ្មែរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នៅតែបង្កផលប៉ះពាល់នោះ ការប្រកួតកីឡានានា ក្នុងនោះ​ប្រភេទកីឡាទេសចរណ៍ កីឡាប្រពៃណី ត្រូវបានលុបចោល នៅក្នុងឱកាសបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាន​មានប្រសាសន៍ថា បច្ចុប្បន្នការប្រកួតកីឡានានាត្រូវបានលើក ដូចជាការប្រកួតកីឡាជាតិ លើកទី៣ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែឧសភា ដែលជាគោលដៅបាញ់​ឆ្ពោះទៅទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ ក៏ត្រូវបានពន្យារពេលដូចគ្នាដែរ។

ក្រៅពីនេះ ការរៀបចំព្រឹត្តិការណ៍កីឡានានាមុន ឬក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទិវាកីឡាទេសចរណ៍នានា ការរៀបចំការប្រកួតចំបាប់បុរាណ ការប្រណាំងគោ-ក្របី-សេះ ដែលប្រជាពលរដ្ឋនៅតំបន់វិហារសួគ៌ ខេត្តកណ្តាល និងនៅតំបន់មួយចំនួនទៀតធ្លាប់ប្រារព្ធ​ធ្វើជារៀងរាល់ឆ្នាំនោះ ក៏ត្រូវបានលុបចោលដែរ។

ឯកឧត្ដមបានលើកឡើងថា ការលុបចោល នេះគឺដើម្បីរួមចំណែកជាមួយក្រសួង​សុខាភិ​បាល ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីនេះ៕

ដោយ ហេង ណាលីន