ខ្សែការពាររបស់ក្លឹបព្រះខ័នរាជស្វាយរៀង សំអឿន ពិដោរ ហ្វឹកហាត់ខ្លួនឯង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — ខ្សែការពារស្លាបស្តាំរបស់ក្លឹបព្រះខ័នរាជស្វាយរៀង កីឡាករ សំអឿន ពិដោរ បានឆ្លៀតទៅធ្វើ​លំហាត់ប្រាណដោយខ្លួនឯងនៅពហុកីឡដ្ឋានជាតិ ជារៀងរាលថ្ងៃ អំឡុងពេលសម្រាកមិន​មាន​ការប្រកួតនេះ ដើម្បីរក្សានូវកម្លាំងកុំឱ្យធ្លាក់ចុះ និងបំពេញបន្ថែមនូវបច្ចេកទេសមួយ​ចំនួន​ដែល​ខ្លួននៅមានចន្លោះខ្វះខាត។

កីឡាករ សំអឿន ពិដោរ បាននិយាយាថា ក្រោយទទួលបានដំណឹងថាគ្រប់ការប្រកួត​ត្រូវបានផ្អាកធ្វើឱ្យខ្លួន ក៏ដូចជាកីឡាករដទៃទៀតមានអារម្មណ៍មិនសូវសប្បាយចិត្ត ព្រោះពួក​គេខិតខំហ្វឹកហាត់ខ្លាំងដើម្បីការប្រកួតប្រជែង។ ក្រោយសេចក្តីជូនដំណឹងអំពីការផ្អាក​ការ​ប្រកួតនានារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លឹបព្រះខ័នរាជស្វាយរៀងបានដាក់​លំហាត់​ឱ្យ​កីឡាករយកទៅអនុវត្តន៍​នៅតាមផ្ទះរៀងៗខ្លួន ដោយលោក Corner Nester គ្រូបង្វឹក​របស់ក្លឹបព្រះខ័នរាជស្វាយរៀងដាក់ឱ្យកីឡាកររបស់ខ្លួនឱ្យទៅធ្វើលំហាត់ប្រាណដោយខ្លួន ឯង ៦ថ្ងៃ ក្នុងមួយសប្តាហ៍៕

ដោយ ហេង ណាលីន