ក្រសួងអប់រំ ប្រកាសផ្អាកជាបណ្ដោះអាសន្នការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជម្រាប​ជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ តាមរយៈ​សេចក្តីជូនដំណឹងឱ្យផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈ​ប្រមូលផ្តុំ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជនជាបណ្តោះអាសន្ន។

ជាមួយគ្នានេះដែរ កាលពីពេលកន្លងមក ក្រសួងអប់រំ បានចេញសេចក្តីណែនាំពីការ​ផ្អាក​ដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណជាបណ្តោះអាសន្ន និងការកំណត់ការលេងកីឡា ឬការហាត់ប្រាណ ដែលមានការប្រមូលផ្តុំលើសពី១០នាក់រួចមកហើយ។ ក្នុងស្មារតីចូលរួម​បង្ការជំងឺកូវីដ-១៩នេះ ក្រសួងសូមស្នើផ្អាកការលេងកីឡាគ្រប់ប្រភេទចាបពីពេលនេះតទៅ រហូតដល់ស្ថានភាពនៃការរីករាលដាលជំងឺនេះត្រូវបានបញ្ចប់។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើអភិបាលរាជធានី ខេត្តទាំងអស់ជ្រាប និងមានចំណាត់ការ ស្របតាមសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ហេង ណាលីន