សមាគមធនាគារនៅកម្ពុជា និងមីក្រូហិរញ្ញវត្ថុកម្ពុជាកៀរគរ ធនធានហិរញ្ញវត្ថុ និងសម្ភារបរិក្ខារពេទ្យ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តួចផ្តើមកៀរគរធនធានហិរញ្ញវត្ថុ និង សម្ភារបរិក្ខារពេទ្យក្នុងចំណោមសមាជិករបស់ខ្លួន។ នៅក្នុងដំណាក់កាលដំបូងនេះ សមាគមទាំងពីរបាន ប្រមូលថវិកា និងសម្ភារដូចជា៖ ១.ទឹកប្រាក់ចំនួន២៨០.៣៥០.០០០រៀល និង៤៨.៥៤៥ ដុល្លារអាម៉េរិក។ ២.ព្រមទាំងសម្ភារបរិក្ខារពេទ្យរួមមាន៖ ទឹកអាល់កុ​ល​ចំនួន៥០ប៊ីដុង ទឹកលាងដៃសម្លាប់មេរោគ (ជែល) ចំនួន៣០ប៊ីដុង និងម៉ាស់សរុបចំនួន៣.​៧​០​០សន្លឹក ដែល​មានទឹកប្រាក់សរុបចំនួន៦.៣៥៦ដុល្លារ អាម៉េរិក។

នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សមាគមទាំងពីរបានយកថវិកា និងសម្ភារខាងលើទៅប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី។  ថវិកា និងសម្ភារទាំងអស់នោះទទួលបានមកពីការ ចូល​រួមវិភាគទានរបស់សមាគមទាំងពីរ រួមជាមួយសមាជិករបស់ខ្លួន​ចំនួន១៦គ្រឹះស្ថានធនាគារ និង ៣១គ្រឹះ​ស្ថា​នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ សមាគម ទាំងពីរសូម​ថ្លែងអំណរគុណដល់សមាជិករបស់ខ្លួន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈកា​របរិច្ចាគជាថវិកា ឬជាសម្ភារ ដោយផ្ទាល់ ឬតាមរយៈសមាគម។

នេះជាគ្រាដ៏លំបាកមួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ហើយសមាគម ទាំងពីរ រួមជាមួយសមាជិកជាគ្រឹះស្ថានធនាគារ និងមីក្រូហិរវញ្ញវត្ថុ បាន និងកំពុងចូលរួមយ៉ាងសកម្ម ជាមួយរាជ​រដ្ឋាភិបាល​ ដើម្បីជួយប្រជាជនកម្ពុជាយើងឆ្លងកាត់ឧបសគ្គមួយនេះ។ យើងជឿជាក់ថា នឹងអាចយកឈ្នះការលំបាកជាមួយគ្នា ក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ផងដែរថា ស្របពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះនូវការលំបាក ដែលបង្កឡើង ដោយជំងឺកូវីដ១៩​ សមាជិកសមាគមទាំងពីរ​ កន្លងមកក៏បានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌តាម ស្ថាប័នរៀងៗ​ខ្លួនផងដែរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះ។ សមាគមទាំងពីរក៏នឹងបន្តសម្របសម្រួល និងទទួលការបរិច្ចាគពីសំណាក់សមាជិករបស់ខ្លួន ដើម្បីយកទៅជូនរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងវីរូសកូវីដ១៩៕

ដោយ គង់ សិរីរ័ត្ន