ក្រុមហ៊ុន Cambodia Airways នឹងពង្រីកធុរកិច្ច និងការវិនិយោគបន្ថែមនៅកម្ពុជា បន្ទាប់ពីជំងឺផ្លូវ​ដង្ហើមថ្មី COVID-19  ត្រូវបានបញ្ចប់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Airways បានអះអាងថា នឹងពង្រីកធុរកិច្ច​របស់​ខ្លួន និងវិនិយោគទុនបន្ថែមទៀតដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា បន្ទាប់ពីជំងឺផ្លូវ​ដង្ហើមថ្មី​COVID-19  ត្រូវបានបញ្ចប់ នាពេលខាងមុខ។ ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Cambodia Airways នេះ ក្នុងជំនួបពិភាក្សាការងារ និងការប្រគល់សម្ភារ សម្រាប់​ការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូន ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២០។ នេះបើយោងតាម​រដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោក ឈិន បូ (Mr. Chen Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Airways បានបញ្ជាក់ថា ការប្រគល់សម្ភារសម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវិដ១៩ ដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនេះ គឺជាពេលលំបាកសម្រាប់គ្រប់ប្រទេសទាំង​អស់ ដោយសារជំងឺឆ្លងផ្លូវដង្ហើមថ្មី COVID-19 និងគ្រប់ជើងហោះហើរទាំងអស់​របស់ក្រុមហ៊ុន​ត្រូវបានផ្អាកបណ្ដោះអាសន្នសិន គឺមានតែដឹកជញ្ជូនទំនិញប៉ុណ្ណោះ។ លោកសង្ឃឹមថា ជំងឺផ្លូវដង្ហើម COVID-19 នឹងបាត់នាពេលឆាប់ៗខាងមុខ ហើយសម្ភារខាងលើអាចឱ្យរដ្ឋ​លេខាធិ​ការ​ដ្ឋានអាកាសចរណ៍ស៊ីវិលប្រើប្រាស់សម្រាប់ពេលចាំបាច់។ លោកបានសន្យាថា ក្នុងពេលឆាប់ខាងមុខពេលដែលស្ថានភាពជំងឺ COVID-19  បាត់រលត់ផុតទៅ ក្រុមហ៊ុន Cambodia Airways នឹងពង្រីកធុរកិច្ចរបស់ខ្លួន និងវិនិយោគទុនបន្ថែមទៀតដើម្បីចូលរួម អភិវឌ្ឍន៍ប្រទេសកម្ពុជា ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិ​ការដ្ឋានអាកាសចរណ៍ស៊ីវិលបានគួសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនង​ពិសេស និងជាប្រពៃណី ដែលមានជាយូរលង់ណាស់មកហើយ និងមានទំនាក់ទំនង​អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមពាក្យស្លោក កម្ពុជា-ចិន មិត្តភាពដែកថែក។

ឯកឧត្ដមបណ្ឌិតបានរម្លឹកផងដែរ កាលពីពេលថ្មី ក្នុងគ្រាលំបាកសម្តេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចនៅប្រទេសចិនដោយបានជួបជាមួយប្រធានាធិបតី ឯកឧត្ដម Xi Jinping និងនាយករដ្ឋមន្ត្រី ឯកឧត្ដម Li keqiang ដោយបានទទួលនូវការគាំទ្រ ពីថ្នាក់ដឹកនាំ និងប្រជាជនចិន ចំនួន០៣ ចំណុចដែលស្នើដោយសម្តេច សម្រាប់ការអភិវឌ្ឍកម្ពុជាគឺ ទី១ រក្សានូវការវិនិយោគ របស់វិនិយោគិនចិនបើទោះបី មានការដក EBA របស់សហគមន៍​អឺរ៉ុប​ក៏ដោយ។ ទី២ បង្កើនការវិនិយោគបន្ថែមទៀត​របស់ប្រទេសចិននៅកម្ពុជា ៣-គាំទ្រនូវការ​បន្ត​វិនិយោគបន្ថែមទៀត និងទី៣ អំពាវនាវឱ្យក្រុមហ៊ុនវិនិយោគល្អៗ ទៅកាន់ក្រុងព្រះសីហនុ ។

ឯកឧត្ដមបានថ្លែងអំណរគុណ ក្រុមហ៊ុន Cambodia Airways ដែលនាំយកសម្ភារ សម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដល់រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល និងជាការបង្ហាញនូវសមានចិត្តដ៏ល្អនៅក្នុងគ្រាដ៏លំបាកនេះ ហើយក៏ជា​ការបង្ហាញ​នូវទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង ក្រុមហ៊ុន Cambodia Airways និងរដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិលផងដែរ។

សូមបញ្ជាក់លថា ក្រុមហ៊ុន Cambodia Airways បាននាំយកនូវសម្ភារ រួមមាន ម៉ាស់ N95 ចំនួន ០១ឡាំង  ម៉ាស់វះកាត់ចំនួន ៨ឡាំង គម្របការពារមុខ ០១ឡាំង និងខោអាវការពារ ០៤ឡាំង សម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩៕

ដោយ រិទ្ធី