សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន៩១៨លាន ដុល្លារអាម៉េរិកពីស្ថាប័នរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន៩១៨លានដុល្លារអាម៉េរិក ពីស្ថាប័នរដ្ឋ​ទាំង​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រៀមបម្រុងទុក ដើម្បីប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩ ដែល​កំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ។

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង លើកទីមួយ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាម៉េរិក និងលើកទីពីរនេះ​កាត់បន្ថយ​ការ​ចំណាយចំនួន៤៧៥លានដុល្លារអាម៉េរិក។ បូកសរុបទាំងពីរលើកនេះ មានចំនួន៩១៨លាន​ដុល្លារ​អាម៉េរិក ត្រៀមបម្រុងទុកដើម្បីប្រយុទ្ធប្រឆាំនិងជំងឺកូវីដ១៩»។ សម្ដេចតេជោបានថ្លែង​ថា មកដល់ពេលនេះ ចំពោះស្តុកបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំនឹង ជំងឺកូវីដ-១៩ គឺបង្កើតឱ្យមានស្តុកពីរ ទី១ ស្តុករបស់ក្រសួងសុខាភិបាល ដែលត្រូវដកយក​ចំណាយជាប្រចាំទៅឱ្យតាមមន្ទីរពេទ្យ ដូច្នេះត្រូវបង្កើតស្តុកមួយដោយឡែកទៀត នោះគឺស្តុក របស់រាជរដ្ឋាភិបាល។ សម្ដេចតេជោថ្លែងថា បើយោងទៅលើអ្វី ដែលបានចុះហត្ថលេខា​ទៅ​លើការព្រមព្រៀងទិញឧបករណ៍សម្ភារបរិក្ខារពីក្រុមហ៊ុននានានោះ គឺចំនួនម៉ាស់បាន​កើន​ដល់ ១១លានម៉ាស់ សម្លៀបំពាក់សម្រាប់គ្រូពេទ្យ ទិញមកបាន៥ពាន់សម្រាប់រួចហើយ។ ប៉ុន្តែសម្ដេចឱ្យទិញ៥ពាន់សម្រាប់ទៀតសម្រាប់ស្តុកបម្រុងរបស់រាជរដ្ឋាភិបាល ដោយនៅ​ពេល​ដែល​របស់ក្រសួងសុខាភិបាលប្រើអស់ របស់រាជរដ្ឋាភិបាលត្រូវបញ្ចេញប្រើបន្ត។ ចំពោះម៉ាស់ N-95សម្រាប់គ្រូពេទ្យមានចំនួន៥០ម៉ឺន រីឯអាល់កុល អុកស៊ីសែន។ល។ ក៏ដូចជា ស្រូវ អង្ករ អំបិល ត្រី  និងទឹកសុទ្ធ ក៏បានត្រូវត្រៀមក្នុងស្តុកបម្រុងទុកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា  កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល​នៃសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាជំងឺរីករាលដាលជាសកល ហើយដែលមក​ដល់​ពេលនេះ សង្គ្រាមមួយនេះស្ថិតក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ គ្មានទេពាក្យដែលហៅថា​វាយលុក ព្រោះយើងមិនដឹងថាសត្រូវពិតប្រាកដវានៅទីណានោះទេ ខុសគ្នាជាមួយនឹង​ផ្នែក យោធា ដែលមានការវាយទប់ទល់ផង ឬការវាយលុក និងមានការដកថយ។ សម្ដេចតេ​ជោ​បានបន្ដថា សម្រាប់យើងគ្មានទេពាក្យវាយលុក ហើយក៏គ្មានដែរពាក្យដែលថាឈ្នះ​ទៅលើ​សង្គ្រាមមហន្តរាយបែបនេះ គ្មានទេពាក្យដែលថាចំណេញ មានតែខាត គ្រាន់តែថាខាតតិច​ឬខាតច្រើនតែប៉ុណ្ណោះ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា  «នេះជាចំណុចដែលយើង​ត្រូវដឹង​ជាមុន អំពីនិយមន័យនៃសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ដូច្នេះសង្គ្រាមប្រឆាំងនឹងកូវីដ-១៩នេះ យើងត្រូវដាក់ទៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែង ព្រោះជំងឺឆ្លងនេះ​មិនទាន់​ឃើញសញ្ញាថមថយចុះនៅឡើយទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ»។ សម្ដេចតេជោ​នាយករដ្ឋមន្ត្រីបានបន្ថែមថា ឥឡូវនេះយើងកំពុងបន្តប្រយុទ្ធនិងលើមុខព្រួញបី ក្នុងពេល​តែ​មួយ ជាមួយនឹងសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ-១៩ ទី១ ប្រយុទ្ធនឹងការឆ្លងចូលមកពីខាងក្រៅ ទី២ ទប់ស្កាត់អ្នកឆ្លងជំងឺទៅកាន់មនុស្សដទៃ និងទី៣ ខិតខំព្យាបាលអ្នក​ឆ្លងជំងឺឱ្យជា​សះ​ស្បើយ។

គួរបញ្ជាក់ដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបង្ហាញឱ្យ ដឹងថា ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ រួមមាន៖ អ្នកព្យាបាលជាសះស្បើយសរុបកើនដល់៥៨នាក់ អ្នកកំពុងសម្រាក​ព្យាបាល បានថយចុះមកនៅសរុប៥៧នាក់ អ្នកមានវីរុសកូវីដ-១៩​ដែលបានរកឃើញ​នៅទូទាំង​ប្រទេសមានចំនួន ១១៥នាក់៕

ដោយ ជឹម ណារី