ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យគ្រប់ខណ្ឌទាំង១៤​ ​ពង្រឹកការយកចិត្តទុកដាក់​ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ចៀសឆ្ងាយពីការឆ្លង​ និងរីករាលដាលនូវវីរុសកូវីដ-១៩​ 

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យគ្រប់បណ្តាខណ្ឌទាំង១៤​ ត្រូវធ្វើយ៉ាងណា​ពង្រឹកការយកចិត្តទុក​ដាក់ឱ្យសមត្ថកិច្ចរបស់ខ្លួនធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ចៀសឆ្ងាយពីការឆ្លង​ និងរីករាលដាលនូវវីរុសកូវីដ-១៩​ (COVID19)។ ​

​ឯកឧត្ដម ឃួង​ ស្រេង​ បានណែនាំបែបនេះ​នៅក្នុងឱកាសធ្វើការចែកសម្ភារអនាម័យដូចជា​ អាល់កុល​ និងម៉ាស់​ ជូនដល់បណ្តាខណ្ឌទាំង ១៤ក្នុងរាជធានី​ ដើម្បីយកទៅបម្រើការបង្ការ​ និងទប់ស្កាត់​វីរុសកូវីដ-១៩​ នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ​ ។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា​ ក្នុងនាមជាអាជ្ញាធរដែនដី​ត្រូវតែមានការយកចិត្តទុកដាក់​ និងចូលរួមឱ្យសកម្ម​ ធ្វើយ៉ាងណាពន្យល់ឱ្យប្រជាពលរដ្ឋ​មានការយល់ដឹងពីបញ្ហានៃផលប៉ះពាល់វីរុសកូវីដ-១៩​ ។ ជាពិសេស​ត្រូវផ្តោតការយកចិត្តទុកដាក់​ ស្វែងរក​ឱ្យដឹងពីទីលំនៅរបស់ពលករ​ដែលបានវិលត្រឡ​​​​​​ប់មកប្រទេសវិញ​ ក្នុងអំឡុងពេលកូវីដ-១៩​ កំពុងរីករាលដាលនៅជុំវិញពិភពលោក​ ។ ក្នុងនោះត្រូវមានការយកចិត្តទុកដាក់​ពិនិត្យមើលពីជីវភារស់នៅរបស់ពួកគាត់​ ប្រសិនបើពួកគាត់ទើបតែត្រឡប់មកពីក្រៅប្រទេស​ ត្រូវណែនាំឱ្យពួកគាត់នៅដោយឡែកពីមនុស្សជុំវិញខ្លួនរយៈ១៤​ថ្ងៃ​ ។ ជាងនេះទៅទៀតប្រសិនបើលំនៅឋានរបស់ប្រជាពលរដ្ឋដែលជាពលករមានសភាពតូច​ចង្អៀត អាជ្ញាធរ​ត្រូវស្វែងរកទីកន្លែង​ ដើម្បីដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែក​ ដូចជា សាលារៀន​ ឬផ្ទះសំណាក់នានា​ នៅមូលដ្ឋាននោះ​តែម្តង​ ។

​ ឯកឧត្ដមអភិបាល​បានមានប្រសាសន៍បន្តថា​ ក្រោយពីប្រជាពលរដ្ឋដែលបានដាក់ខ្លួន​ រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនោះ​ អាជ្ញាធរមូលដ្ឋានត្រូវតាមដានមើលពីការរស់នៅរបស់ពួកគាត់​ ថាតើមានការខ្វះខាតនូវ​ មុង​ កន្ទេល​ ភួយ​ ខ្នើយ​ សម្រាប់ស្នាក់នៅគ្រប់គ្រាន់ហើយឬនៅ​ ? បើមានការខ្វះខាត​ រដ្ឋបាលខណ្ឌ​ត្រូវធ្វើការដោះស្រាយជូនពួកគាត់​ភ្លាមតែម្តង​ ។ ​ ឯកឧត្តមអភិបាលរាជធានីបានឱ្យដឹងទៀតថា​ រដ្ឋបាលរាជធានីភ្នំពេញ​ បានធ្វើការទំនាក់ទំនង​ជាមួយនឹងប្រធានផ្សារនានា​នៅក្នុងរាជធានី​រួចរាល់ ដើម្បីធានាបាននូវការលក់​ មុង​ កន្ទេល​ ភួយ​ ខ្នើយ​ ដល់អាជ្ញាធរ​សម្រាប់យកទៅចែកជូនបងប្អូនពលករ​ ដែលបានដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​៕

ដោយសួស សំរិត