សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋកុំសប្បាយរីករាយភ្លេចខ្លួនចំពោះហានិភ័ យនៃការ​រីករាលដាលជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំសប្បាយភ្លេចខ្លួនឱ្យសោះព្រោះថាហានិភ័យ​នៃការ​រីករាលដាលជំងឺកូវីដ-១៩ នៅមាននៅពេលខាងមុខដោយសារបណ្តាប្រទេសលើ​សកល​លោក​​បានកំពុងរីករាលដាលខ្លាំង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែមេសា  ឆ្នាំ២០២០ នៅវិមាន​សន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋមានការឆាប់ភ័យខ្លាច ហើយក៏​បានឆាប់ភ្លេចផងដែរ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ករណីនេះ ដោយសារប្រជាពលរដ្ឋ ឃើញអ្នកឆ្លងតិច ហើយពេលខ្លះអត់មានបែរជាអ្នកជាច្រើនទៅវិញ។ សម្តេចតេជោបាន​បន្ដ ថា ទោះបីជាកម្ពុជាមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នេះ តិចជាងបណ្តាប្រទេសផ្សេងៗក្តី ដូចជា វៀតណាម  ថៃ និងប្រទេសផ្សេងៗទៀត ប៉ុន្តែយើងមិនត្រូវសប្បាយរីករាយ ហើយភ្លេចខ្លួន​ក្នុង​ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ឱ្យសោះព្រោះវាមិនអាចវាយតម្លៃបាននោះទេ។

សម្ដេចតេជោបានបន្ដទៀតថា ពេលនេះប្រជាពលរដ្ឋទាំងអស់បានប្តូរឥរិយាបថពី​ការ​ខ្លាច​បែរមកធ្វើការប្រុងប្រយ័ត្នដោយធ្វើការអនាម័យជាមួយសាប៊ូ អាល់កុល ដើម្បីបង្ការ ទប់​ស្កាត់ជំងឺនេះផងដែរ។ សម្ដេចតេជោបានបញ្ជាក់ថា ពលករដែលមកពីប្រទេសថៃ​ប្រមាណ​៦ម៉ឺននាក់មិនទាន់ឃើញមានអ្នកណាឆ្លងជំងឺកូវីដ-១៩នេះនៅឡើយទេ ដោយសារតែពួកគេ​បាន​សហការ​ដោយរក្សាឱ្យនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃ៕

ដោយ ប៊ុនរិទ្ធ