សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអាល់កុល និងម៉ាស់ផ្ដល់ជូនមណ្ឌលសុខភាព តាមស្រុក

AKP សៀមរាប ថ្ងៃទី​​​០៧ ខែ​មេសា ឆ្នាំ២០២០ — នៅរសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន២ក្នុងស្រុកបន្ទាយស្រី ពោលគឺ មណ្ឌលសុខភាពបន្ទាយស្រី និងមណ្ឌលសុខភាព ព្រះដាក់។ ក្នុងការចុះជួបសួរសុខទុក្ខនេះដែរ គេក៏បាននាំយកទៅជាមួយនូវអាល់កុល និងម៉ាស់សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) ដែលមណ្ឌលសុខភាពទាំងនោះកំពុងមានការខ្វះខាត។

នៅក្នុងពិធីជួបសំណេះសំណាលនោះ លោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀម រាប បានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំងពីរខាងលើ និងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិគ្រោះយោបល់ មើលថែ និងព្យាបាលសុខភាពដូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិសេសការផ្ដល់សារអប់រំផ្សព្វផ្សាយអំពីជំងឺរលាកសួតប្រភេទថ្មី (Covid-19)  ជូនដល់បងប្អូនប្រជាពលករដែលទើបត្រឡប់មកពីប្រទេសជិតខាង និងប្រជាពលរដ្ឋទូទៅ។

លោកជំទាវ សុខ ណារ៉ូ បានឱ្យដឹងទៀតថា អាល់កុល ដែលបានផ្ដល់ជូននាពេលនេះសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលបានពីកាកបាទក្រហមកម្ពុជា ហើយម៉ាស់ជារបស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្ទាល់ ។ ការផ្ដល់ជូននេះជាចំនួនមានកំណត់ តែនៅក្នុងដំណាក់កាលនេះយើងចាំបាច់ត្រូវចែករំលែកគ្នា ព្រោះស្ទើរតែគ្រប់មណ្ឌលសុខភាពគឺមានការខ្វះខាតដូចគ្នា ហើយនេះពិតជាការបង្ហាញពីការយកចិត្តទុកដាក់គិតគូរពីសំណាក់ថ្នាក់ដឹក នាំ ពិសេសកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) នេះ។

គួរបញ្ជាក់ថា សម្ភារដែលបានផ្ដល់ជូនក្នុង១មណ្ឌលសុខភាពនីមួយៗ មាន អាល់កុល៥លីត្រ ម៉ាស់៥ប្រអប់ស្មើនឹង ២៥០ម៉ាស់ និងក្រមាម្នាក់១សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យ។ នៅរសៀលថ្ងៃដដែលនោះដែរ លោកជំទាវក៏បានផ្ដល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី នូវអាល់កុល៥លីត្រ សាប៊ូ៥០ដុំ និងPoster អប់រំពីជំងឺ Covid-19 មួយចំនួនផងដែរ ៕

ដោយហង្ស សៀក