អភិបាលខេត្តកណ្ដាល ជួបប្រជាពលរដ្ឋ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្តអវិជ្ជមានកូវីដ-១៩

AKP កណ្តាល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០–រសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១២នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ-១៩ ហើយដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅក្នុងវិទ្យាល័យ ហ៊ុន សែនតាខ្មៅ ត្រូវបានធ្វើតេស្តជាលើកចុងក្រោយ ដោយលទ្ធផល «អវិជ្ជមាន» មានន័យថា គ្មានជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

នៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនទាំង ១២នាក់ សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ជាមួយទឹកស្អាត ឬទឹកអាល់កុល។ ពេលទៅផ្ទះសូមស្នាក់នៅដាច់ដោយឡែកសិន កុំនៅជិតគេរយៈពេល១៤ថ្ងៃទៀត ដើម្បីបង្រ្គប់កិច្ច ឱ្យអស់ចិត្តដ្បិតថាបងប្អូនបានជាសះស្បើយហើយមិនមានកូវីដ-១៩ក្ដី ប៉ុន្តែត្រូវតែការពារខ្លួន និងគ្រួសារមួយរយៈពេលទៀត ធ្វើយ៉ាងការពារកុំឱ្យមានបញ្ហាផ្សេងៗទៀតកើតឡើងលើខ្លួនឯង និងក្រុមគ្រួសារ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រួសារប្រជាពលរដ្ឋទាំង ១២នាក់ផងដែរ សូមរក្សានៅគម្លាតពីគ្នានិងការពារខ្លួនទាំងអស់គ្នា ពិសេសផ្ដល់អាហារមានវីតាមីន សារធាតុចិញ្ចឹមដល់ពួកគាត់ឱ្យបានគ្រប់គ្រាន់ និងផ្ដល់សម្ភារការពារខ្លួនដូចជាម៉ាស់ អាល់កុល ទឹកសម្លាប់មេរោគ ឬសាប៊ូដល់គាត់ ដើម្បីឱ្យគាត់រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន។ ក្នុងឱកាសនោះឯកឧត្តក៏បានផ្តល់អំណោយដល់ពួកគាតទាំង ១២នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម មីខ្លាឃ្មុំ១កេស ទឹកបរិសុទ្ធ១កេស ទឹកដោះគោឆៅចំណុះ១លីត្រ៤ប្រអប់ អាល់កុល១ដប និងថវិកា២០ម៉ឺនរៀល ៕

ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល)