សម្ដេចតេជោ ហ៊ុន សែន បន្តស្នើឱ្យប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិ បាលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តស្នើឱ្យប្រជា​ពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់​ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានសរសេរថា កម្ពុជាទូទាំងប្រទេសបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។ សម្ដេច​តេជោក៏សូមបងប្អូន​ប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់មានសញ្ញា​ថមថយនៅឡើយ។ ទន្ទឹមនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំង​សមាជិក​ព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមការ​ងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្ការទប់ស្កាត់ជំងឺ​កូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស់ ឬក្រមា ទឹកអាល់កុល ជែល​សម្លាប់មេរោគ(Hand Sanitizer) អង្ករ មី ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជ​ធានី​ភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។ សម្ដេចតេជោក៏បានបញ្ជាក់ថា សូម​កុំចាំ​ហៅ​ពួក​គាត់ឱ្យមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេស​ក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ​នៅពេល​នេះ។ សម្ដេចតេជោក៏សូមអរគុណមន្រ្តីនៃរាជរដ្ឋាភិបាល សមាជិកសភា និងសមាជិកព្រឹទ្ធ សភា ដែលបានលះបង់ប្រាក់បៀវត្សរ៍ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេចតេជោក៏បានថ្លែងបញ្ជាក់ថា ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់​គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការ​សង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ១១៥ ជាបន្ទាន់៕

ដោយ ជឹម ណារី