លោកជំទាវ ម៉ែន សំអន អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈនៅវត្តភ្នំ  ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងដល់បារមីព្រះអង្គចតុទិស អ្នកតាព្រះស្រុក (អ្នកតាព្រះចៅ) និងបារមីរបស់លោកយាយពេញ (វត្តភ្នំ) រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។

ពីធីបួងសួងធ្វើឡើងដើម្បីរម្លឹកនូវគុណូបការៈរបស់បុព្វបុរសដែលបានកសាង និងការ ពារព្រះរាជាណាចក្រកម្ពុជា និងបញ្ចៀសនូវឧបទ្រពចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងចៀសផុតនូវជំងឺតម្កាត់ទាំងឡាយ ជាពិសេស ជំងឺរលាផ្លូវដង្ហើម កូវីដ-១៩ ដែលបាន និងកំពុងរីករាលដាលយ៉ាងខ្លាំងពាសពេញពិភលពលោក។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារ និងដើម្បីចៀសផុតពីជំងឺផ្សេងៗ សូមឱ្យទេវតាឆ្នាំថ្មីតាមថែរក្សាបងប្អូន ពលរដ្ឋកម្ពុជាទាំងមូលឱ្យជួបតែសេចក្ដីសុខជារៀងរហូត ៕

ដោយ សួស សំរិត