អ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោលការលើកឡើងថា នៅពេលរដ្ឋដាក់ប្រទេសក្នុងគ្រា​អាសន្ន កងទ័ពនឹងរឹបអូសទ្រព្យសម្បត្តិឯកជនមកដាក់ជាសម្បត្តិរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០​– ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការច្រានចោលចំពោះ​ការ​លើកឡើងរបស់មតិមួយចំនួនដែលថា នៅពេលដែលរដ្ឋដាក់ប្រទេសក្នុងគ្រាអាសន្ននោះ កង​ទ័ពនឹងធ្វើការរឹបអូសទ្រព្យសម្បត្តិឯកជនមកដាក់ជាសម្បត្តិរដ្ឋ។ ឯកឧត្តមបានចាត់ទុកការ​លើក​​ឡើងនេះថាជាព័ត៌មានប្រឌិត និងស្នើឱ្យប្រជាពលរដ្ឋមានជំនឿលើរាជរដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយបញ្ហានាពេលបច្ចុប្បន្ន។ ការលើកឡើងរបស់ឯកឧត្តមនេះ ក្នុងសន្និសីទសារ​ព័ត៌​មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។

ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមាននីតិរដ្ឋ​ដូច្នេះកម្ពុជា​ត្រូវតែមានច្បាប់។ ជាក់ស្តែងការរៀបចំច្បាប់ពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន​ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការរៀបចំនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹង កាលៈទេសៈដែលតម្រូវឱ្យមានច្បាប់ដើម្បីធ្វើការគ្រប់គ្រង។ ដោយឡែកចំពោះ​ការអនុវត្ត​ច្បាប់​ពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះ គឺរដ្ឋមិនធ្វើការរឹបអូសទ្រព្យសម្បត្តិ​ឯកជនមកដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋដូចការលើកឡើងរបស់មតិមួយចំនួននោះទេ។ ឯកឧត្តមសង្កត់ធ្ងន់ថា ការបង្កើតច្បាប់នេះ គឺធ្វើឡើងដើម្បីបម្រើផលប្រយោជន៍របស់​ប្រជា​ពល​រដ្ឋតែប៉ុណ្ណោះ គឺមិនមែនបង្កើតឡើងផលប្រយោជន៍នាយករដ្ឋមន្រ្តីកម្ពុជាតែម្នាក់ឯង​នោះ​ទេ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ កាលល្ងាច​ថ្ងៃ​សុក្រសប្តាហ៍មុន។ ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រ​ងប្រទេសស្ថិតនៅក្នុងគ្រា​អាសន្នក្រៅ​ផ្លូវការ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មាន៥ ជំពូក និងមាន១១មាត្រា។ ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និង​លក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតខុសភាពរបស់ប្រជាពលរដ្ឋ និងការពារទ្រព្យ​សម្បតិ្ត ព្រមទាំបរិស្ថានផង។ ក្នុងមាត្រា ២ នៃសេចក្តីព្រាងច្បាប់នេះ បានចែងអំពីវិសាល​ភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២ ថ្មី នៃរដ្ឋធម្មនុញ្ញ៕

ដោយ ចាន់ សុធីវង្ស