ឯកឧត្តម ម៉ុង​ ប្ញទ្ធី និង ឯកឧត្តម គួច ចំរើន នាំយកទេយ្យវត្ថុ និងថវិកាប្រគេនព្រះសង្ឃ ស្រុកស្ទឹងហាវ 

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមេសា ​ឆ្នាំ២០២០–ឯកឧត្តម ម៉ុង​ ប្ញទ្ធី​ សមាជិកព្រឹទ្ធសភា និងឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ​ បាននាំយកទេយ្យវត្ថុ និងថវិកា ប្រគេនព្រះសង្ឃចំនួនពីរវត្ត ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក​ គណៈអភិបាលស្រុកស្ទឹងហាវ កាលពីថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន មានប្រសាន៍ថា ស្របពេលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រទេសកម្ពុជាយើងក៏កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹង Covis-19 ដែលព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានាក្នុងខេត្តព្រះសីហនុ មិនអាចនិមន្តចេញទៅបិណ្ឌបាតបាន ហើយប្រឈមនឹងដាច់ចង្ហាន់ រដ្ឋបាលខេត្តព្រះសីហនុ បាននាំយកទេយ្យទានមានគ្រឿងឧបភោគ បរិភោគ និងថវិកាប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តនានាក្នុងខេត្តព្រះសីហនុ ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃបន្តជួយអប់រំ ផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ជែល ឬអាល់កុលឱ្យបានញឹកញាប់ ត្រូវនៅឱ្យឆ្ងាយពីអ្នកចំណូលថ្មី ដើម្បីការពារនៃការឆ្លង Covid-19 នៅក្នុងសហគមន៍របស់យើង ។

ក្នុងឱកាសនោះគ្រឿងឧបភោគ បរិភោគសម្រាប់ វត្តពោធិ៍មានជ័យ (ស្ទឹងហាវ)​ មានអង្ករ ១តោន ទឹកបរិសុទ្ធ ២០យួរ ត្រីខ​ ២កេស​ និងថវិកា ១លានរៀល​ ។ សម្រាប់វត្តរតនា ប្ញទ្ធីរាម(កែវផុស)​ អង្ករ ៥០០គីឡូក្រាម  ស្ករស​ ២៥គីឡូរក្រាម មី៤កេសធំ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ​៥យួរ​ ប៊ីចេង​១០កញ្ចប់​ អំបិល​១០កញ្ចប់ ត្រីខ​៤កេស​ សៀង១០គីឡូក្រាម ទឹកដោះគោខាប់ ១កេស ទឹកសុទ្ធ២០យួរ បាកាស៥កេស ប្រហុក​៥គីឡូក្រាម ផ្អកសាច់ជ្រូក​៥គីឡូក្រាម និងថវិកា​ ១លានរៀល ៕

ដោយ ងូ សុមុនី