លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ការមិនមានរកឃើញករណីវិជ្ជមានថ្មី ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ គឺជាចំនុចល្អ ប៉ុន្តែយើងក៏មិនត្រូវបាត់បង់ការប្រុងប្រយ័ត្ននោះដែរ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះថា ការមិនរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ គឺជាចំនុចល្អណាស់ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ប៉ុន្តែក៏មិនមានន័យថា យើងបាត់បង់ការប្រុងប្រយ័ត្ននោះដែរ។

លោកជំទាវបានគូសបញ្ជាក់ថាបន្ថែមថា៖ «គឺជាសញ្ញាល្អហើយ ប៉ុន្តែយើងទាំងអស់គ្នាត្រូវចូលរួមប្រុងប្រយ័ត្នជាប់ជានិច្ច និងការចូលរួមទប់ស្កាត់ការចម្លងពីបុគ្គលមួយទៅបុគ្គលមួយទៀត នៅតែជាចំនុចសំខាន់ចាំបាច់ជាទីបំផុត។ ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃ នូវវិធានការការពារខ្លួន និងការធ្វើអនាម័យជាប្រចាំ ព្រោះថាមិនមែនយើងរកមិនឃើញ២ថ្ងៃនេះ យើងមិនមានការចម្លង ជាហេតុនាំឱ្យយើងបន្ធូរដៃនោះទេ ដែលជាឱកាសមួយអាចធ្វើឱ្យវីរុសកូវីដ១៩ អាចនឹងវ៉ៃបកមកយើងវិញជាយថាហេតុ ព្រោះថាបើយើងភ្លេចខ្លួន សត្រូវនេះ (កូវីដ១៩) នឹងវាយលុកមកយើងវិញ ក្នុងរយ:ពេលដ៏ខ្លីបំផុត។ ពេលខ្លះ មានការស្ងប់ស្ងាត់បន្តិច  តែក៏អាចមានការរាតត្បាតជាបន្តទៀតដែរ ដែលគេហៅថា  second wave ដូច្នេះ  ត្រូវបោះជំហានសកម្មទប់ស្កាត់ជាបន្តទៀត  ទើបអាចសង្កត់សត្រូវវីរុសកូវីដ១៩នេះបាន។»

ក្រសួងសុខាភិបាល ក៏ពុំទាន់អាចវាយតម្លៃបានថាការចម្លងវីរុសកូវីដ១៩ នៅកម្ពុជាបានបញ្ចប់នោះទេ ប៉ុន្តែរាល់វិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធ គឺមានប្រសិទ្ធភាព ជាពិសេសគឺបុគ្គលខ្លួនឯងនេះហើយ ដែលមានការយល់ដឹងច្រើនក្នុងការចូលរួមអនុវត្តវិធានការនានាដើម្បីទប់ស្កាត់ការចម្លងពីបុគ្គលមួយ ទៅបុគ្គលមួយទៀត ដែលជាចំនុចល្អសម្រាប់កម្ពុជា ហើយក្រសួងនឹងបន្តការងារនេះជាមួយបងប្អូនប្រជាពលរដ្ឋបន្តទៀត ហើយនឹងវាយតម្លៃជារួម ដោយមានការសហការរវាងកម្ពុជា និងអង្គការសុខភាពពិភពលោក អំពីស្ថានភាពនៃជំងឺកូវីដ១៩នៅកម្ពុជា។

គួររម្លឹកថា ក្នុងរយៈពេលពីរថ្ងៃជាប់គ្នានេះ កម្ពុជាពុំមានរកឃើញករណីថ្មី នៃវីរុសកូវីដ១៩នោះទេ ខណៈការព្យាបាលជាសះស្បើយវិញគឺមានរហូតដល់៥០នាក់ ក្នុងចំណោមករណីសរុបចំនួន១១៤។

ដោយ ផែន រតនៈ