សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

នៅជំនួបនោះ ឯកឧត្តម Dmitry TSVETKOV បានថ្លែងអំណរគុណចំពោះសម្តេចប្រ​មុខ​​​រដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបនាពេលនេះ ឯកឧត្តមបានជម្រាបជូនសម្តេច ប្រមុខរដ្ឋស្តីទីថា ក្នុងអំឡុងពេលបេសកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជានេះ ឯកឧត្តមមានទំនាក់ ទំនងល្អជាមួយនឹងព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា  ជាពិសេសជាមួយនឹងក្រសួងបរិស្ថាន ដោយបានធ្វើកិច្ចការ​ងារយ៉ាង សកម្មលើការងារបរិស្ថាន និងថាមពលដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរ។ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាប្រមាណ៥១ លើវិស័យជាច្រើន។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ច ជាផ្លូវការទៅវិញទៅមកផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបតិ្តការ រវាងស្ថាប័ន នីតិប្បញ្ញតិនៃប្រទេសទាំងពីរ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។ ក្នុងនោះ មានតំណាង សមាជិកព្រឹទ្ធសភាកម្ពុជា បានជួបពិ​ភាក្សាជាមួយនឹងសមា​​ជិ​កនៃក្រុមប្រឹក្សានៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំអន្តរជាតិនានា។ សភានៃប្រទេសទាំងពីរ បានពង្រឹងពង្រីក ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃជាមួយគ្នា។ ឯកឧត្តមឯកអគ្គរដ្ឋ ទូតបានបន្តថា សហព័ន្ធរុស្ស៊ីនឹងផ្តល់សម្ភារបរិក្ខារ និងថ្នាំពេទ្យដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នាពេលខាងមុខនេះផងដែរ។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម Dmitry TSVETKOV ដែលបានបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងមានទំនាក់ទំនងល្អជាមួយនឹង ក្រសួងស្ថាប័ន រដ្ឋ បណ្តា រាជធានី ខេត្ត និងប្រជាជនកម្ពុជា។ ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានរួម ចំណែកយ៉ាងធំធេងដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់ ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទី បានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតអំពី សារសំខាន់នៃការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្តេចបានបញ្ជាក់ថា ព្រឹទ្ធសភាសូមគាំទ្រទាំងស្រុងចំពោះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្តេចបានលើកទឹកចិត្តដល់ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ឱ្យខិតខំអនុវត្តន៍កិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នានេះ ដើម្បីជាគុណប្រយោជន៍សម្រាប់ ការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហព័ន្ធរុស៊្សី ដែលបានផ្តល់ អាហារូបករណ៍ដល់និស្សិតកម្ពុជាជាង៨ពាន់នាក់ ទៅសិក្សានៅប្រទេសរុស៊្សី ហើយអតីតនិសិ្សត កម្ពុជា ដែលបានទទួលការ   បណ្តុះបណ្តាលនៅប្រទេសរុស្ស៊ី បច្ចុប្បន្នបាន និងកំពុងកាន់តួនាទី សំខាន់ៗមួយ ចំនួនក្នុងរដ្ឋាភិបាលកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណ ចំពោះប្រជាជន រុស្ស៊ី ដែលបាន ជួយគាំទ្រ និងជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងដំណាក់កាលដែល ប្រជាជនកម្ពុជា ជួបការលំបាក បំផុត គឺក្រោយពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលប្រទេសកម្ពុជាត្រូវ ហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច។ ជាពិសេសនាពេលនះ ជាពេលដែលកំពុងតែប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ សហព័ន្ធរុស្ស៊ីក៏បានជួយ ឧបត្ថម្ភគាំទ្រជាសម្ភារ បរិក្ខារ និងថ្នាំពេទ្យមកដល់ប្រទេសកម្ពុជាទៀត។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទី នឹងត្រៀមខ្លួនជានិច្ច ដើម្បីបន្តធ្វើ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងឯកអគ្គរដ្ឋសហព័ន្ធរុស៊្សីថ្មី និងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។ តាមរយៈឯកឧត្តម ឯកអគ្គ រដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខ សេចក្តីគោរព និងសេចក្តីនឹក រលឹក អំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃសហព័ន្ធរុស៊្សី៕

ដោយប៉ាល់សុង