អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃប្រទេសចិន ត្រៀមបញ្ជូនពេទ្យជំនាញ១១រូប និងសម្ភារ បរិក្ខារពេទ្យមកជួយកម្ពុជា ដើម្បីកម្ចាត់ជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្ដិ​ការ​អន្ដរជាតិបានថ្លែងថា អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization) ត្រៀម​បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១១រូប ដែលមានពិសោធន៍ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅ​ប្រទេស​ចិន រួមជាមួយបរិក្ខារពេទ្យ និងថ្នាំព្យាបាលជំងឺដែលមានតម្លៃជាង ១៤ម៉ឺនដុល្លារ ដើម្បី​ជួយកម្ពុជាក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងពិធីប្រគល់ជំនួយ ឧបត្ថម្ភក្រោមក្របខ័ណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារ​សុខុភាពប្រឆាំងជំងឺកូវីដ-១៩  ផ្ដល់ដោយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ នាព្រឹក​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ជំនួយឧបត្ថម្ភ ក្រោមក្របខ័ណ្ឌអង្គការសង្គមស៊ីវិល សម្រាប់​ការពារប្រឆាំងនឹងជំងឺកូវីដ-១៩  ដែលផ្តល់ដោយមូលនិធិដើម្បីសន្តិភាព និងការ​អភិវឌ្ឍ​របស់ចិនជូនដល់កម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី​បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះនាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ដែលបាន​ធ្វើការសម្របសម្រួលជាបន្ទាន់ ដើម្បីប្រមូលការគាំទ្រសម្រាប់ជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែង​ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ បរិក្ខារពេទ្យ​ដែលជាអំណោយពីមូលនិធិ សម្រាប់សន្តិភាព និងការអភិវឌ្ឍ និងអង្គការសង្គមចិនផ្សេងៗ​ទៀត ដែលរួម ម៉ាស់ អាវការពារខ្លួន និងថ្នាំបុរាណចិនដែលមានតម្លៃសរុប ១,១៣លានយ័ន មានសារៈសំខាន់យ៉ាងខ្លាំងចំពោះកម្ពុជា ខណៈពេលដែលយើង កំពុងត្រូវការសម្ភារ​បរិក្ខារ​ពេទ្យ ដើម្បីប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានចាត់ទុកកាយវិការសប្បុរសនេះ ឆ្លុះបញ្ចាំងយ៉ាង​ច្បាស់​ពីចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ ក្នុងអំឡុងពេល​នៃការផ្ទុះឡើងនូវ ជំងឺដ៏សាហាវនេះ នៅក្នុងប្រទេសកម្ពុជា ហើយបានទទួលជំនួយជាច្រើនផងដែរ ពីរដ្ឋាភិបាល​ចិន។ ទន្ទឹមនេះ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ៧រូប ត្រូវបានបញ្ជូនពីតំបន់ស្វយ័តក្វាងស៊ី មកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ រួមជាមួយសម្ភារ​បរិក្ខារ​សម្រាប់ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត ដែលមានតម្លៃជាង ៣លានយ័ន។ កាលពីថ្ងៃទី០១ ខែមេសា កងទ័ពរំដោះប្រជាជនចិន ក៏បានបញ្ជូន​បរិក្ខារ​ពេទ្យទម្ងន់ជាង ២ តោន មកផ្ដល់ជូនកម្ពុជា សម្រាប់ការពារប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រៅពី នេះ ក៏មានក្រុមហ៊ុនចិនមួយចំនួន ក៏បានចូលរួមជួយផ្ដល់បរិក្ខារការពារ ដល់ប្រជាជនកម្ពុជា ផងដែរ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា “ខ្ញុំក៏បានទទួលព័ត៌​មាន​ដែរថា អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization) ត្រៀមបញ្ជូន​ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តចំនួន១១រូប ដែលមានពិសោធន៍ប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅចិន រួមជាមួយ​និងបរិក្ខារពេទ្យ និងថ្នាំព្យាបាលជំងឺតម្លៃ១លានយ័ន (ជាង ១៤ម៉ឺនដុល្លារ) ដោយគ្រោង​ធ្វើដំណើរមកតាមរថយន្តពីខេត្តយូណាន ចូលមកកម្ពុជា តាមខេត្តស្ទឹងត្រែង ក្នុងពេលឆាប់ៗ​ខាងមុខនេះ ដើម្បីជួយកម្ពុជាកំចាត់ជំងឺកូវីដ-១៩  រយៈពេល ១៥ថ្ងៃ”។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរ និងអបអរសាទរ យ៉ាងកក់​ក្តៅ​ចំពោះប្រទេសចិន ដែលក្រោមការដឹកនាំដ៏រឹងមាំ របស់ឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង និងមាគ៌ាដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនិស្តចិន  បានទទួលជោគជ័យដ៏ធំធេង ក្នុងការបញ្ឈប់​ការ​ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចិន។ ឯកឧត្ដមបានបន្ថែមថា ចំពោះរដ្ឋា​ភិបាលចិន ដែលតេងតែឈរជាមួយកម្ពុជា ក្នុងគ្រាទុក្ខលំបាក និងបានផ្តល់ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមរបស់ប្រទេសកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីក៏បានអរគុណដល់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និង​មន្រ្តី​ស្ថានទូត ដែលបានប្រឹងប្រែង ដើម្បីលើកកម្ពស់មិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិ​បត្តិ​ការប្រកបដោយផ្លែផ្ការវាងប្រជាជាតិយើងទាំងពីរ ព្រមទាំងជួយសម្របសម្រួល ការនាំមកនូវ​ជំនួយឧបត្ថម្ភដល់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានអរគុណដល់មូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ ក៏ដូចជាអង្គការសង្គមស៊ីវិលចិននានា ដែលបានផ្តល់​ការ​ឧបត្ថម្ភ ជាសម្ភារ បរិក្ខារដ៏មានតម្លៃដើម្បីជួយដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩៕

ដោយ ប៊ុនរិទ្ធ