មូលនិធិចិន ដើម្បីសន្តិភាព និងការអភិ​វឌ្ឍ ប្រគល់អំណោយសម្ភារនិងឱសថបុរា​ណចិន តម្លៃជាង ១លានយ័ន ជូនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — មូលនិធិចិន ដើម្បីសន្តិភាព និងការអភិ​វឌ្ឍ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានប្រគល់អំណោយជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលនូវម៉ាស់ ចំនួន២០ម៉ឺនម៉ាស់  ជាប្រភេទម៉ាស់គ្រូពេទ្យវះកាត់(ម៉ាស់3D) អាវពេទ្យការពារជំងឺចំនួន ៧៩៤០ឈុត និងឱសថបុរាណចិន៨៤០កញ្ចប់ ដែលផលិតដោយសមាគមគ្រូពេទ្យឱសថបុរា ណរបស់ចិន ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជា​មួយ​នឹង​រាជរដ្ឋាភិបាល កម្ពុជា។

ពិធីប្រគល់ និងទទួលអំណោយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯក​អគ្គ​រដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា ថ្ងៃនេះមូលនិធិចិនដើម្បីសន្តិភាព និងការអភិ​វឌ្ឍ បានផ្តល់នូវជំនួយឧបត្ថម្ភក្នុងក្របខ័ណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារប្រឆាំងនឹងជំងឺកូ វីដ-១៩ ជូនដល់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ បំផុតចំពោះនាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការកណ្តាលគណបក្សកម្មុយនីស្តចិន ដែលបានធ្វើការសម្របសម្រួលជាបន្ទាន់ ដើម្បីប្រមូលការគាំទ្រសម្រាប់ជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ បរិក្ខារពេទ្យ ដែលជាអំណោយពីមូលនិធិសម្រាប់សន្តិភាព និងការអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលចិន ផ្សេងៗទៀត ដែលរួមមានម៉ាស់ អាវការពារខ្លួន និងថ្នាំបុរាណចិនតម្លៃសរុបជាង ១លានយ័ន គឺមានសារសំខាន់ខ្លាំងចំពោះកម្ពុជា ខណៈដែលកម្ពុជាកំពុងត្រូវការសម្ភារ បរិក្ខារពេទ្យ ទាំងនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូ​វីដ-១៩នេះ។ កាយវិការដ៏សប្បុរស នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណង​​មិត្តភាព សាមគ្គីភាព រវាងប្រទេស និងប្រជាជន យើងទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ថា ក្នុងជំនួបជាមួយឯកឧត្តម Wang Wentian ឯក​អគ្គ​រដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាមុននេះ យើងក៏បានរម្លឹកអំពីការបង្ហាញពីការគាំទ្រ ជាសាមគ្គីភាព ដែលសម្តេច តេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្នុងការអញ្ចើញទៅបំពេញទស្សន កិច្ចការងារនៅទីក្រុង ប៉េកាំង ស្របពេលដែលប្រទេសចិន កំពុងតែប្រយុទ្ធយ៉ាងពេញទំហឹង ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះគឺជាការបង្ហាញពីការគាំទ្រ ហើយនិងការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ កម្ពុជាយើងជូនចំពោះថ្នាក់ដឹកនាំ ក៏ដូចជាចំពោះប្រជាជនចិនទាំងមូលផងដែរ។

ក្នុងអំឡុងពេលនៃការផ្ទុះឡើងដ៏សាហាវនេះនៅប្រទេសកម្ពុជា យើងក៏បានទទួល ជំនួយជាច្រើនផងដែរពីរដ្ឋាភិបាលចិន។ ក្រុមអ្នកជំនាញវិទ្យាសាស្ត្រ ៧រូបរបស់ចិន ត្រូវបានបញ្ជូនពីតំបន់ស្វយ័តក្វាងស៊ី មកដល់ទីក្រុងភ្នំពេញកាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅនេះ រួមជាមួយសម្ភារបរិក្ខារសម្រាប់ការពារ និងទប់ស្កាត់ជំងឺការ ឆ្លងរាលដាលនៃជំងឺខូវីដ-១៩ ដែលមានតម្លៃជាង ៣លានយ័ន។ កាលពីថ្ងៃទី០១ ខែមេសានេះ កងទ័ពរំដោះប្រជាជនចិនក៏បានបញ្ជូនបរិក្ខារពេទ្យទម្ងន់ជាង ២តោន មកជូនកម្ពុជា សម្រាប់ការពារប្រឆាំងនឹងជំងឺកូវីដ-១៩នេះដែរ ហើយក្រុមហ៊ុនចិនមួយចំនួនក៏បាន ចូលរួមផ្តល់ បរិក្ខារការពារដល់ប្រជាជនយើងផងដែរ។

ក្រៅពីនេះឯកឧត្តមក៏បានទទួលព័ត៌មានពីអង្គការសង្គ្រោះមេឃពណ៌ខៀវ ដែលជា អង្គការសង្គមស៊ីវិលចិនបានត្រៀមបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន១៣រូប ដែលមានបទ ពិសោធន៍ជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះនៅប្រទេសចិន រួមជាមួយ នឹងបរិក្ខារពេទ្យ និងថ្នាំព្យាបាលជំងឺតម្លៃ ១លានយ័នថែមទៀត ដោយគ្រោងធ្វើដំណើរតាម រថយន្តពីខេត្តយូណាន់ចូលមកកម្ពុជា តាមច្រកខេត្តស្ទឹងត្រែងក្នុងពេលឆាប់ខាងមុខនេះ ដើម្បី ជួយកម្ពុជាកម្ចាត់ជំងឺកូវីដក្នុងរយៈពេល ១៥ថ្ងៃ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សូមសម្តែង នូវការកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រទេសចិនក្រោម ការដឹកនាំដ៏រឹងមាំ វាងវៃរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងមាគ៌ាភ្លឺស្វាង របស់បក្សកម្មុយនីស្តចិន បានទទួលជោគជ័យដ៏ធំធេងក្នុងការបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះនៅ ទូទាំងប្រទេសចិន៕

ដោយ ប៉ាល់ សុង