ក្រសួងបរិស្ថានផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន០៦គ្រឿងដល់ស្រុកបន្ទាយស្រី ដើម្បីអនុវត្តន៍គម្រោងបន្ទាយស្រីស្អាតឆ្នាំ២០២០

AKP សៀមរាប ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃ​ទី០៣ ​ខែមេសា ឆ្នាំ២០២០នេះថា ក្រសួងបរិស្ថានបានផ្តល់រថយន្តដឹកសំរាម​ខ្នាតតូចចំនួន០៦​គ្រឿង ដល់អាជ្ញាធរស្រុកបន្ទាយស្រី ដើម្បីអនុវត្តន៍គម្រោងបន្ទាយស្រីស្អាតឆ្នាំ២០២០ ហើយ​បើ​តាមផែនការគម្រោង​នេះ នឹងត្រូវអនុវត្តន៍នៅក្នុងអំឡុងខែមេសាឆ្នាំ២០២០នេះ។ ប៉ុន្តែ​ដោយ​​សារតែបញ្ហាមេរោគឆ្លងកូវីដ-១៩ អាជ្ញាធរស្រុកបានសម្រេចពន្យាពេលនៃការអនុវត្ត គម្រោងនេះ រហូតដល់ស្ថានការណ៍មានការវិវត្តទៅរកភាពល្អប្រសើរវិញ ទើបចាប់អនុវត្តន៍​គម្រោងនេះ។ លោកបានបន្ដថា ពេលនោះរថយន្តដឹកសំរាមខ្នាតតូចទាំង០៦នេះ នឹងចេញ​ទៅដឹកសំរាមនៅតាមបណ្តាឃុំទាំង០៦របស់ស្រុកបន្ទាយស្រី មកដាក់កន្លែងរួមមួយ ដើម្បី​រថយន្តធំដឹកបន្តទៅកាន់ឡដុតសំរាមតែម្តង។ លោកអភិបាលស្រុកបានបន្តទៀតថា ក្នុងនាម​ជាស្រុកតំបន់ទេសចរណ៍មួយរបស់ខេត្តសៀមរាប គឺពិតជាមានការចាំបាច់ណាស់ ត្រូវមាន​យន្តការមួយជាក់លាក់ក្នុងការគ្រប់គ្រងសំរាម ដែលរហូតមកដល់បច្ចុប្បន្ននេះ សំរាមនៅក្នុង​ស្រុកបន្ទាយស្រី នៅតែមានការរាយប៉ាយនៅតាមទីសាធារណៈនៅឡើយ។ លោកបាន​បញ្ជាក់​ថា ការអនុវត្តជំហានដំបូងនេះ គឺមិនឱ្យប្រជាពលរដ្ឋបង់ថ្លៃការដឹកសំរាមនោះទេ ប៉ុន្តែ​សម្រាប់​សហគមន៍ ឬអាជីវករនិងកន្លែងអាជីវកម្មនីមួយៗគួរតែមានការចូលរួមឧបត្ថម្ភ​កម្រិត​ណាមួយ ដើម្បីឱ្យអាជ្ញាធរមានលទ្ធភាពអនុវត្តន៍យន្តការគ្រប់គ្រងសំរាមឱ្យមាន​ប្រសិទ្ធភាព​ជាពិសេសទិញធុងសំរាមដាក់នៅតាមទីសាធារណៈឱ្យបានកាន់តែច្រើន។ ជាមួយគ្នានេះ នៅពេលអាជ្ញាធរធ្វើការគ្រប់គ្រងសំរាមបានល្អហើយនោះ អាជ្ញាធរនឹងចាប់ផ្តើមរឹតបន្តឹង​ការ​បោះចោលសំរាមពាសវាលពាសកាលឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ក្នុងគោលដៅភូមិនៅ​បន្ទាយស្រីគ្មានថង់ប្លាស្ទិក។

លោកអភិបាលស្រុកក៏បានបន្ថែមថា សំរាម គឺជាចំណែកមួយតូចក្នុងយុទ្ធនាការធំ​បន្ទាយ​ស្រីស្អាតឆ្នាំ២០២០ ហើយដើម្បីឱ្យយុទ្ធនាការនេះ ដំណើរការទៅដោយជោគជ័យ អាជ្ញាធរចាំបាច់ធ្វើការណែនាំអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីរបៀបនៃការទុកដាក់សំ រាម ការញែកសំរាមឱ្យបានត្រឹមត្រូវផងដែរ៕

ដោយ ឃុត សៅ