រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំឱ្យមន្ទីរកសិកម្មខេត្ដកណ្ដាលជួយបណ្តុះបណ្តាលបច្ចេកទេស បន្ថែមដល់កសិករក្នុងការដាំបន្លែ ដើម្បីបង្កើនបរិមាណផលិត និងគុណភាព

AKP កណ្ដាល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំ​ដល់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកណ្ដាល ជួយបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែម​ដល់កសិករ នៅក្នុងការដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព ដើម្បីបង្កើនបរិមាណផលិតផល និង​ធានាគុណភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារ និងឆ្លើយតបទៅតាមតម្រូវការរបស់អ្នក​បរិភោគ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្មនេះ ក្នុងឱកាស​អញ្ជើញចុះ​មក​ពិនិត្យសកម្មភាព និងវឌ្ឍនភាពនៃខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និង​ការប្រមូលទិញតាមកិច្ចសន្យា) នៅស្រុកស្អាង ខេត្ដកណ្ដាល នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ នេះបើយោង​តាម​ការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម វេង សាខុន បានជំរុញដល់អគ្គនាយកដ្ឋានកសិកម្ម គួរនាំយកគម្រោងថ្មីៗ​មកអនុវត្តន៍នៅតំបន់ស្រុកស្អាង ខេត្ដកណ្ដាលនេះ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់​ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពបន្លែ ការអនុវត្ត GAP ការអនុវត្តផលិតកម្ម​កសិកម្មតាម​កិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណភាព និងសុវត្ថិភាពនៃ​ផលិតផល។ ក្រៅពីនេះ មន្ទីរកសិកម្មគួរសិក្សាពីលទ្ធភាពបង្កើតកន្លែងប្រមូលផ្តុំបន្លែបន្ថែម ដើម្បីធានាបរិមាណផ្គត់ផ្គង់ និងគុណភាព ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាក​សញ្ញា​សម្គាល់ច្បាស់លាស់ និងជាពិសេសជំរុញការបង្កើតសេវាផ្តល់ឥណទានក្នុងសហគមន៍​របស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យកម្ចីឥណទានឯកជនដែលមានការប្រាក់ខ្ពស់។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការចុះពិនិត្យជាក់ស្ដែងដល់ទីកន្លែងនេះ គឺដើម្បី​ទាញយកចំណុច ខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានាដែលអ្នកផលិត ក៏ដូចជាឈ្មួញ ឬក្រុមហ៊ុនប្រមូលទិញកំពុងជួបប្រទះ រួចដាក់ចេញនូវយន្តការដោះស្រាយជាប្រព័ន្ធមួយ​ច្បាស់​លាស់ ទាន់ពេល និងមានប្រសិទ្ធភាព ប្រយោជន៍បង្កើតសុខដុមនីយកម្មរវាងអ្នកផលិត និងអ្នកទិញ ធានាបាននូវផលិតភាពផលិតកម្មបន្លែ គុណភាព សុវត្ថិភាព និរន្តរភាពនៃ​ការផ្គត់​ផ្គង់ ស្ថិរភាពតម្លៃ ហើយពិតណាស់គឺធានាបាននូវសុខភាពសាធារណ:។ ឯកឧត្ដមរដ្ឋមន្រ្ដីកត់​សម្គាល់ឃើញថា ស្រុកស្អាងត្រូវបានកែប្រែមុខមាត់ថ្មី ដោយសារកម្រិតជីវភាពត្រូវបាន​លើក​កម្ពស់បច្ចេកទេសកសិកម្មត្រូវបានកសិករទទួលយក ជាពិសេសផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ និងបានរកឃើញចំណុចវិជ្ជមានជាច្រើនដែលបានបង្ហាញ ថាវិស័យផលិតកម្មបន្លែ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយនេះពិតជាបានរួមចំណែក​ក្នុង​ការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម(២០១៩-២០២៣) របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់​រាជរដ្ឋាភិបាល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា តាមរយៈដំណើរការចុះពិនិត្យនេះ
ឃើញ​ថា កសិករយល់ច្បាស់ថាអ្វីជាបន្លែសរីរាង្គ និងសុវត្ថិភាព ហើយពួកគាត់អាចផលិតបាន
និងទទួលយកបច្ចេកវិទ្យាកសិកម្មទំនើបមកអនុវត្តន៍មានដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើ​ប្រព័ន្ធ ដំណក់ និងសាច ប្រើប្រាស់ជី និងថ្នាំកសិកម្មត្រឹមត្រូវតាមបច្ចេកទេស ចេះសន្សំ និង​ផលិតជី និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ។ ទន្ទឹមនេះ កសិករបាន​យក​គោល​ការណ៍​ស្តីពី “ការអនុវត្តកសិកម្មល្អ (GAP)” មកអនុវត្តន៍ និងការចងក្រងបណ្តុំអាជីវកម្ម​លក់ចែកចាយ ធាតុចូលកសិកម្ម និងបង្កើតសហគមន៍ផលិតបន្លែ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផលធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាព​កែច្នៃ​វេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្ត​អ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសកាត់បន្ថយ​ការនាំចូល។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកណ្ដាល​បាន​ឱ្យដឹងថា បច្ចុប្បន្នទូទាំងខេត្ត កណ្តាលអាចផ្គត់ផ្គង់បន្លែគ្រប់ប្រភេទទៅកាន់ទីផ្សារ​នៅរាជធានី​ភ្នំពេញបានចំនួន ១៥០តោន។

សូមបញ្ជាក់ថា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាលខេត្តកណ្តាល មន្រ្តីជំនាញ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកណ្ដាល បានអញ្ជើញ​ចុះ​មក​ពិនិត្យសកម្មភាព និងវឌ្ឍនភាពនៃខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) នៅស្រុកស្អាងដោយ ទី១- ការដាំបន្លែ និងការប្រមូលផល ដោយអនុវត្តតាមគោលការណ៍ “ការអនុវត្តកសិកម្មល្អ, Good Agriculture Practices, GAP” របស់បងស្រី ឆេង ស្រីពៅ ដែលឧបត្ថម្ភដោយ គម្រោងស្តីពី “ការផ្សព្វផ្សាយបច្ចេក​ទេស​កសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE”។ ទី២- ការដាំ​បន្លែក្នុងផ្ទះសំណាញ់ របស់លោកពូ ឃុត គីមអាង ដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែ សុវត្ថិភាព នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល។ ទី៣- កន្លែងផលិតជីសរីរាង្គ និងថ្នាំ​កសិកម្មតាមបែបធម្មជាតិ របស់សមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព។ ទី៤- សកម្មភាព​ចុះប្រមូលទិញបន្លែរបស់ក្រុមហ៊ុន NAV តាមកិច្ចសន្យា ពីលោក ទ្រី ណារ៉េត និងលោកស្រី ថេង ស្រីខួច ដែលពួកគាត់ជាសមាជិកបណ្តុំអាជីវកម្ម PGS។ ទី៥- ពិនិត្យស្នាក់ បណ្តុំ​អាជីវកម្មបន្លែសុវត្ថិភាព និងជាកន្លែងលក់សម្ភារកសិកម្ម។ ទី៦- ពិនិត្យស្នាក់ការ​សហគមន៍​កសិកម្មស្វាយប្រទាលក្នុងក្តីសង្ឃឹម និងទី៧- ការប្រមូលផលបន្លែរបស់សមាជិក​សហគមន៍​កសិកម្ម និងការប្រមូលទិញបន្លែតាមកិច្ចសន្យារបស់ក្រុមហ៊ុន EAC៕

ដោយ ឡុង ស៊ីវ៉ាន់