កីឡាការិនីស្នូកឃ័រនៅតែបន្តការហ្វឹកហាតនៅកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — កីឡាការិនីស្នូកឃ័រ ស្រួង ភាវី ដែលរស់នៅប្រទេសកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP តាមរយៈសារអេឡិចត្រូនិកនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះថា លោកស្រីនៅតែបន្តការហ្វឹកហាត់នៅក្លឹប ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយក្លឹបនោះមិនបិទទ្វារ ដោយសារជំងឺកូវីដ-១៩នោះឡើយ បើទោះបីជាកម្មវិធីប្រកួតនានារបស់លោកស្រីត្រូវបានលុបចោលទាំងស្រុងក៏ដោយ។

កីឡាការិនី ស្រួង ភាវី និយាយថា ការប្រកួតនានានៅកូរ៉េខាងត្បូងត្រូវលើកពេលទាំងអស់ ក្នុងពេលរងផលប៉ះពាល់នៃជំងឺ កូវីដ-១៩នេះ កំពុងរីករាលដាលនៅលើពិភពលោក។ កីឡាការិនីស្នូកឃ័រ ខ្មែរ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ដែលមានស្វាមីជាជនជាតិកូរ៉េខាងត្បូងរូបនេះបញ្ជាក់ថា អស់  រយៈពេលជិត៤ឆ្នាំមកហើយ លោកស្រីតែងតែចែករំលែកនូវថវិកាដែលឈ្នះពីការប្រកួតនានារបស់ខ្លួន ជួយដល់សមាគមឧត្តមគតិកូនខ្មែរ ដើម្បីធ្វើកិច្ចការសប្បុរសធម៌ជាបន្តបន្ទាប់ជួយជនក្រីក្រនៅកម្ពុជា ។ ដោយសមាគមនេះមានខ្មែរនៅកូរ៉េខាងត្បូង រួមទាំងខ្មែរក្នុងស្រុក តែងតែចែករំលែកចូលរួមទាំងអស់គ្នា។ ជាពិសេសនៅក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហម ថ្មីនេះ កីឡាការិនីស្នូកឃ័រ ស្រួង ភាវី ក៏បានចែករំលែកនូវសារអប់រំជូនដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា បានបរិច្ចាគថវិកាមួយចំនួនទិញសម្ភារបង្ការមួយចំណែកជូនដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈសមាគមឧត្តមគតិខ្មែរ ដែលមានព្រះសង្ឃមួយអង្គ នៅកម្ពុជាជាប្រធានដឹកនាំ។

កន្លងមក កីឡាការិនី ស្រួង ភាវី ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់សហព័ន្ធកីឡាស្នូកឃ័រ ចំនួន ២០លានរៀល ដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដើម្បីទ្រទ្រង់ និងរៀបចំការប្រកួតកីឡាស្នូកឃ័រជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីឆ្នាំ២០១៩កន្លងទៅ។ កីឡាការិនីកំពុងរស់នៅសាធារណរដ្ឋកូរ៉េរូបនេះ បានប្ដេជ្ញានឹងខិតខំ ដើម្បីសម្រេចក្ដីស្រម៉ៃមួយនេះ ដែលលោកស្រីកំពុងកៀរគរសប្បុរសជននៅកូរ៉េ ដើម្បីជួយទាំងបច្ចេកទេស សម្ភារ និងថវិកាផងដែរ។ ជាកីឡាការិនីឆ្នើមរបស់កម្ពុជា ក្នុងការប្រកួតប្រជែងដណ្ដើមកិត្តិយសជូនជាតិ និងបានជួយការងារជាច្រើនរបស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ក្នុងនាមជាសមាជិកប្រតិបត្តិនោះទេ ប៉ុន្តែថែមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់ជួយទ្រទ្រង់សហព័ន្ធថែមទៀត ដើម្បីជំរុញវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាឱ្យកាន់តែរីកចម្រើន ៕

ដោយហេង ណាលីន