ក្លិបបឹងកេត និងក្លិបកងយោធពលខេមរភូមិន្ទ សម្រេចកាត់ប្រាក់ខែកីឡាករ ៥០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — ក្លិបបាល់ទាត់ចំនួន២ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺក្លិបបឹងកេត និងក្លិបកងយោធពលខេមរភូមិន្ទ(ទ័ព) បានសម្រេចកាត់ប្រាក់បៀវត្សរ៍របស់កីឡាករ គ្រូបង្វឹក និងបុគ្គលិកចំនួន ៥០ភាគរយ ដើម្បីធានានិរន្ដរភាពក្លិប ក្នុងគ្រាមានវិបត្តិដោយសារជំងឺ Covid-19 ខណៈបណ្តាក្លិបជាច្រើនទៀតមិនកាត់ប្រាក់ខែបែបនេះឡើយ។

លោក បែ មករា អគ្គលេខាធិការ ក្លិបបឹងកេតបានឱ្យដឹងថា ការកាត់បន្ថយប្រាក់បៀវត្សរ៍នេះ គឺកើតចេញពីការឯកភាពរបស់កីឡាករ គ្រូបង្វឹក បុគ្គលិក និងថ្នាក់ដឹកនាំក្រុមទាំងអស់ក្នុងន័យរួមចំណែកសម្រាលបន្ទុករបស់ក្លិប។ វិបត្តិ Covid-19 បានជះឥទ្ធិពលច្រើនដល់វិស័យសេដ្ឋកិច្ចទូទាំងពិភពលោក ហើយក្លិបបឹងកេតក៏រងផលប៉ះពាល់ដែរ។ ដូច្នេះដើម្បីជួយក្លិបកុំឱ្យមានបន្ទុកធ្ងន់ កីឡាករ គ្រូបង្វឹក បុគ្គលិក និងថ្នាក់ដឹកនាំសម្រេច និងឯកភាពកាត់បន្ថយប្រាក់ខែចំនួន ៥០ភាគរយ ដែលក្នុង១ឆ្នាំគ្រោងចំណាយ ប្រហែល១លានដុល្លារអាម៉េរិក។ចំណែកឯលោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លិបកងយោធពលខេមរភូមិន្ទបានអះអាងថា ក្លិបនេះក៏សម្រេចចិត្តកាត់ប្រាក់ខែកីឡាករ ៥០ភាគរយដែរ ស្របពេលក្លិបបានផ្អាកការប្រមូលផ្ដុំហ្វឹកហាត់បណ្ដោះអាសន្ន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺ Covid-19 តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា ក្នុងគ្រាលីគកំពូលកម្ពុជា បានពន្យារពេលការប្រកួតបណ្ដោះអាសន្ន។

ចំពោះលោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៏បញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានព័ត៌មានកាត់ប្រាក់ខែកីឡាករពីថ្នាក់ដឹកនាំនៅឡើយទេ។ លោក អ៊ុំ ករុណា អគ្គលេខាធិការ ក្លិបអង្គរថាយហ្គឺរ អះអាងថា ប្រធានក្លិបដែលជាជនជាតិជប៉ុនមិនកាត់ប្រាក់ខែ៥០ភាគរយបែបនេះទេ ដោយសារលោកមើលឃើញពីជីវភាពកីឡាកររបស់ក្លិប និងជាការលើកទឹកចិត្តក្នុងគ្រាលំបាកនេះដែរ។ ចំពោះអគ្គលេខាធិការក្លិបព្រះខ័នរាជស្វាយរៀង សូលទីឡូអង្គរ និងអាស៊ីអឺរ៉ុបឆ្លើយថា ពេលនេះមិនទាន់មានការកាត់ប្រាក់ខែកីឡាករទេ ខណៈបណ្តាក្លិបមួយចំនួនទៀតមិនទាន់សុំការបញ្ជាក់បាននៅឡើយទេ។

ដោយឡែកកីឡាករក្លិបបាល់ទាត់ចំនួន២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺក្លិបបឹងកេត និងក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) បានបង្ហាញនូវទឹកចិត្តរបស់ខ្លួនថា ពេញចិត្តនឹងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំក្លិបរបស់ខ្លួនសម្រេចកាត់ប្រាក់ខែ ៥០ភាគរយ ដើម្បីធានានិរន្ដរភាពក្លិប ក្នុងគ្រាមានវិបត្តិដោយសារជំងឺ Covid-19 ខណៈបណ្តាក្លិបជាច្រើនទៀតមិនកាត់ប្រាក់ខែបែបនេះឡើយ បើទោះជាវាបានរងផលប៉ះពាល់ដល់ជីវភាពខ្លះៗក៏ដោយ។

កីឡាករ ហុង ផេង ប្រធានក្រុមបឹងកេតនិយាយថា វាជាការស្ម័គ្រចិត្ត សម្រាប់ការកាត់ប្រាក់ខែ ៥០ភាគរយនេះ ព្រោះវាអាចឱ្យក្លិបដំណើរការបានរហូត ខណៈជីវភាពមានផលប៉ះពាល់តិចតួច ប៉ុន្តែពួកយើងអាចទទួលយកបានដោយការពេញចិត្ត។

អ្នកចាំទី អ៊ុំ សេរីរ័ត្ន ក្លិបកងយោធពលខេមរភូមិន្ទអះអាង នេះជាការរួមចំណែករបស់កីឡាករជាមួយនឹងក្លិប ក្នុងពេលលំបាកនៃវិបត្តិកូវីដ-១៩នេះ ហើយវាមានផលប៉ះពាល់ខ្លះៗដែរដល់ជីវភាព ក្នុងពេលក្លិបកាត់ប្រាក់ខែ ៥០ភាគរយ៕

ដោយហេង ណាលីន