ធនាគារពិភពលោកអនុម័តឥណទាន ២០លានដុល្លារអាម៉េរិក សម្រាប់ជួយកម្ពុជា​ក្នុងការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ធនាគារពិភពលោក​បានទម្លាក់ថវិកាចំនួន២០លានដុល្លារអាម៉េរិក សម្រាប់ជួយកម្ពុជា។ នេះបើតាមសេចក្តី​ប្រកាស​​ព័ត៌​​មាន​របស់​​ធនាគារពិភពលោក(WB)ចេញផ្សាយ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

​បើតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នាយកប្រតិបត្តិនៃធនាគារពិភពលោក បាន​អនុម័តលើឥណទានទឹកប្រាក់ ២០លានដុល្លារអាម៉េរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ដែល​ឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការណ៍បន្ទាន់ តាមរយៈយន្តការសេវារហ័សក្នុងពេលមានការរាលដាលកូវីដ-១៩។ 

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះ នឹងជួយដល់ប្រទេស​កម្ពុជាក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ផ្នែកសុខាភិបាលទូទាំងសកលលោកដែល មិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះគឺសម្រាប់កម្ពុជាយកទៅប្រើដើម្បីជា​ការផ្គត់​ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារពេទ្យចាំបាច់នានា ដើម្បីយកមកធ្វើតេស្តរករោគសញ្ញា និងព្យាបាលជំងឺកូវីដ-១៩ កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ, ពង្រឹងសមត្ថភាពឆ្លើយ​តបទៅនឹងការរាលដាលមេរោគ និងជួយធ្វើយ៉ាងណាឱ្យអ្នកជំងឺឆាប់​ជាសះស្បើយ​និងសេដ្ឋ​កិច្ចឆាប់បានងើបឡើងវិញ។” លោកស្រីបានបន្ដថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេច​បានតាមគោលដៅដែលបានដាក់ចេញនៅក្នុងផែនការមេកូវីដ-១៩ របស់ខ្លួន ក្នុងនោះរួមមាន ការ​ពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ ការរកឃើញជំងឺឱ្យបានរហ័ស ការត្រៀមលក្ខណៈ និង​ការ​ឆ្លើយតបទៅនឹងជំងឺ។ ជាមួយគ្នានេះ គម្រោង ក៏នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់​ការសាងសង់​មណ្ឌល​ដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយ​បង្កើន​សមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ លោកស្រីបានបន្ថែមថា គម្រោងក៏នឹងជួយទៅលើការចំណាយក្នុងការជាវការផ្គត់ផ្គង់​សម្ភារ បរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការ​រាលដាល​នៃការឆ្លងមេរោគ។

លើសពីនេះទៀត គម្រោងនេះ ក៏នឹងជួយផងដែរដល់វិធានការដាក់ពង្រាយ​ឱ្យបាន​រហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាម​រយៈការ​ជួល និងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម​ពង្រឹងសមត្ថភាពរបស់មណ្ឌល​ប្រតិបត្តិ​ការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយ​កិច្ចខិតខំ​ត្រៀមលក្ខណៈនិងឆ្លើយតបជំងឺកូវីដ-១៩ ទូទាំងប្រទេស និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់​នៅកម្រិតខេត្តទៀត។   លោកស្រីបានបន្ថែមទៀតថា គម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នេះ បំពេញបន្ថែមដល់ការងារអភិវឌ្ឍន៍វែងឆ្ងាយមួយដែលធ នាគារពិភពលោកកំពុង​ជួយ​ជ្រោមជ្រែងនៅក្នុងវិស័យសុខាភិបាល ក្នុងនោះមាន គម្រោងលើកកម្ពស់សមធម៌​និងគុណ​ភាពសុខាភិបាល (H-EQIP) ដែលសំដៅបង្កើនលទ្ធភាពរបស់ពលរដ្ឋក្រីក្រជាងគេនៅកម្ពុជា​ឱ្យ​ទទួលបានសេវាសុខាភិបាលមានគុណភាព។

សូមរម្លឹងផងដែរថា កាលពីសប្តាហ៍កន្លងទៅ ថវិកា ១៤លានដុល្លារអាម៉េរិករបស់​គម្រោង H-EQIP នេះ ត្រូវបានផ្តល់តាមរយៈសមាសភាគបម្រុងសម្រាប់ការឆ្លើយតបបន្ទាន់ (CERC) នៅក្នុងគម្រោង សម្រាប់យកទៅប្រើក្នុងការទិញរថយន្តសង្គ្រោះ​និងគ្រឿងបរិក្ខារ​ពេទ្យ និងដើម្បីរៀបចំមន្ទីរពិសោធន៍ជាតិឱ្យមានសមត្ថភាពឆ្លើយតបបា​នរហ័សទៅនឹងការ​រាល​ដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ សមាសភាគ CERC នៅក្នុងគម្រោង អនុញ្ញាតឱ្យបង្វែរ​មូលនិធិពីផ្នែក​នានានៃគម្រោង H-EQIP នេះ ដើម្បីយកទៅបំពេញភាពចាំបាច់សម្រាប់ធ្វើការ​ឆ្លើយតបជាបន្ទាន់ ដែលអាចកើតមានឡើង។

លោកស្រីនាយកប្រតិបត្តិនៃធនាគារពិភពលោកបានអះអាងថា ការឆ្លើយតបកូវីដ-១៩​នៃក្រុមធនាគារពិភពលោកដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នេះ ហើយធនាគារ​ពិភព​លោក​កំពុងតែអនុវត្តន៍កម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន ១៤ប៊ីលានដុល្លារអាម៉េរិក តាមយន្តការ​បញ្ចេញរហ័សសម្រាប់ពង្រឹងការឆ្លើយតបទៅនឹងការរាតត្បាតរបស់កូវីដ-១៩ នៅតាមប្រទេស​កំពុងអភិវឌ្ឍន៍ និងជួយធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចឆាប់ស្តារងើបឡើងវិញ។ វិធានការឆ្លើយតប​ភ្លាមៗរួមមាន ជំនួយហិរញ្ញវត្ថុ ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដល់​បណ្តាប្រទេសឱ្យមានលទ្ធភាពលៃលកជាមួយផលប៉ះទង្គិចរបស់ការរាត្បាតនេះ ទៅលើ​សេដ្ឋ​កិច្ច និងសុខាភិបាល។ ក្រៅពីនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងផ្តល់ហិរញ្ញប្ប​ទាន​ចំនួន ៨ប៊ីលានដុល្លារអាម៉េរិក សម្រាប់ជួយដល់បណ្តាក្រុមហ៊ុនដែលរងការប៉ះទង្គិច​ពីវីរុស​នេះ និងដើម្បីឱ្យគេអាចរក្សាការងារបានផង។ ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងការអភិវឌ្ឍ (IBRD) និង សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) កំពុងតែដាក់ចេញកញ្ចប់ថវិកា ៦ប៊ីលានដុល្លារអាម៉េរិក​សម្រាប់វិធានការឆ្លើយតបផ្នែកសុខាភិបាល។

លោកស្រីបានបញ្ជាក់បន្ថែមថា “ដោយសារតម្រូវការជំនួយនៅតាមប្រទេស​មាន​វិសាល​ភាពទូលំទូលាយ ក្រុមធនាគារពិភពលោកត្រៀមខ្លួននឹងដាក់ចេញកញ្ចប់​ហិរញ្ញវត្ថុ​រហូតដល់ទៅ ១៦០ប៊ីលានដុល្លារអាម៉េរិក សម្រាប់រយៈពេល ១៥ខែ ដើម្បីការពារជនក្រីក្រ និង​ជនងាយរងគ្រោះ ជួយជ្រោមជ្រែងដល់ធុរកិច្ច និងជួយជំរុញសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ នាពេលខាងមុខ”៕

ដោយ ប៊ុនរិទ្ធ