អភិបាលខេត្ត ជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋក្រីក្រ ក្រុងតាខ្មៅ ដើម្បីចូលរួមការពារទប់ស្កាត់ ជំងឺកូវីដ-១៩

AKP កណ្តាល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ត្រូវខិតខំចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំង នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានផុលផុស ដើម្បីឈានទៅរកភាពជោគជ័យក្នុងការបង្ក្រា ប និងទប់ស្កាត់បានទាំងស្រុងនៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវឱ្យបានឆាប់រហ័សជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរខេត្ត។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានថ្លែងដូច្នេះក្នុងពេលដែលឯកឧត្តម បានដឹកនាំក្រុមការងារចុះសាកសួសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅតាមខ្នងផ្ទះក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម គឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់សិត្បូ អជ្ញាធរភូមិ ឃុំ និងមន្ទីរនានា។

ក្នុងឱកាសនោះ ឯកឧត្តមបានពន្យល់ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃ ជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល។  នៅពេលចេញក្រៅក្នុងទីប្រជុំជនត្រូវពាក់ម៉ាសជានិច្ច ត្រូវចៀសវាងកុំប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ ជាពិសេសត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួរឱ្យសង្ស័យ ដូចជាក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ប្រសិនបើមានប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យចៀសវាងការឆ្លងជំងឺកូវីដ-១៩ មុននឹងអនុញ្ញាតឱ្យពួកគាត់រស់នៅជុំគ្នាជាមួយគ្រួសារ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ការនាំយកអំណោយមកចែកជូនបងប្អូននៅពេលនេះ ដើម្បីជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានធូស្រាលមួយកម្រិត ស្របពេលដែលប្រទេសជាតិកំពុងតែកើតមានជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូនមួយចំនួនតូច ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)