ធនាគារអភិវឌ្ឍន៍អាស៊ី៖ កំណើនសេដ្ឋកិច្ចកម្ពុជា​នឹងមានការថមថយ  ក្នុងឆ្នាំ២០២០នេះ​ ប៉ុន្តែនឹងហក់ឡើងវិញក្នុងឆ្នាំ២០២១ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — បន្ទាប់ពីមានសន្ទុះខ្លាំង ​ក្នុងរយៈពេលពីរ​ទសវត្សរ៍​ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថា​នឹង ធ្លាក់មកត្រឹម ២,៣ភាគរយ សម្រាប់ឆ្នាំ២០២០នេះ។ និន្នាការនេះ គឺ​ដោយសារការ​រាតត្បាត នៃមេរោគកូរ៉ូណា ឬ COVID-19 ការថមថយនៃសេដ្ឋកិច្ចប្រទេសធំៗ ក៏ដូចជាសា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន ដែលរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះ និងការធ្លាក់ចុះទីផ្សារ​នាំចេញ។  នេះបើយោងតាម​ការព្យាករ​ណ៍ក្នុងរបាយការណ៍សេដ្ឋកិច្ចពិសេស របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឬទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (Asian Development Outlook–ADO)​ ឆ្នាំ​២០២០ ចេញ​ផ្សាយថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានមាន​ប្រសាស​ន៍​ថា សេដ្ឋកិច្ច​កម្ពុជារំពឹងថា នឹងហក់ឡើងវិញដល់ ៥,៧ភាគរយ ក្នុងឆ្នាំ២០២១​ខាងមុខ ប្រសិនបើ​ជំងឺរាតត្បាតនេះ​ត្រូវបញ្ចប់ ហើយសកម្មភាព​សេដ្ឋកិច្ច នឹង វិលមករក​ប្រក្រតីភាពវិញ។ លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការ​ត្រឹម​ត្រូវ ​ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជំងឺកូវីដ-១៩ ដែលមិនធ្លាប់កើតមានពីមុនមកនេះ ដូចជាការគាំទ្របៀវត្សរ៍ដល់​កម្មករកាត់ដេរ ក៏ដូចជាការសម្រាលពន្ធ និងបំណុលដល់អាជីវ​កម្ម​នានា។ លោកស្រីបានបន្ដថា រាជរដ្ឋាភិបាល ក៏បានរៀបចំថវិកាបម្រុង ​សម្រាប់​អន្តរាគមន៍​ចាំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះ ទៅលើ​សេដ្ឋកិច្ចជាតិ ជាពិសេសទៅលើ ប្រជា​​ពលរដ្ឋដែលងាយរងគ្រោះ។

បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ផ្នែកសេវាកម្មរបស់​កម្ពុជានឹងធ្លាក់​ចុះ​ប្រមាណ ១,៧ភាគរយ ដោយសារ​ឱនភាពវិស័យទេសចរណ៍ និងការថមថយ នៃកំណើន​​អចលនទ្រព្យ។ កំណើននៃវិស័យ​ឧស្សា​ហកម្ម​ បានត្រូវព្យាករណ៍ថា នឹងចុះដល់ ៦,៥ភាគរយ ដោយសារកម្រិតទាប នៃផលិត​កម្ម សម្លៀកបំពាក់ សម្រាប់ការនាំចេញ  ក៏ដូចជា​វិស័យ​សំណង់​ដែលបន្ថយល្បឿន។ អតិផរណាត្រូវបានរំពឹងថា​ នឹងនៅតែមានអត្រាទាបដែល​ជាមធ្យម ត្រឹម ២,១ភាគរយ ​ក្នុងឆ្នាំ២០២០​ ខណៈដែលកំណើនសេដ្ឋកិច្ច ថយចុះ ហើយ​អត្រាអតិផរណា នឹងនៅតែទាបក្នុងឆ្នាំ២០២១ ដោយសារតម្លៃប្រេង អន្តរជាតិទាប។​ របាយ​ការណ៍ ADO រំលេចការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យ​ហិរញ្ញវត្ថុ ក្រៅ​ពី​​ប្រព័ន្ធធនាគារ ព្រមទាំងការបង្កើតផ្សារ មូលធនក្នុងស្រុកដើម្បី​ផ្តល់ហិរញ្ញប្បទាន​ដែលត្រូវ​ការសម្រាប់ពិពិធកម្មការវិនិយោគ និងការរីកចម្រើន។

លោកស្រី Durrani-Jamal បានបញ្ជាក់បន្ថែមថា “រាជរដ្ឋាភិបាល គួរផ្តោតជា​សំខាន់លើ​ការ​ទប់ស្កាត់ជំងឺ​កូវីដ-១៩ បើមិនដូច្នោះទេ ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសេវា​កម្ម នឹងមានការលំបាក។  ទន្ទឹមនេះ រាជរដ្ឋាភិបាល អាច​ប្រើថវិកាពីក្នុងកញ្ចប់របស់ ADB ដែលសរុបមានចំនួន ៦,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានប្រកាសកាលពីថ្ងៃ​ទី១៨ ខែ​មីនា  ឆ្នាំ២០២០ សម្រាប់ឆ្លើយតបនឹង ជំងឺកូវីដ-១៩។” លោកស្រីបានលើកឡើងថា ថវិកានេះ ADB បម្រុងសម្រាប់តម្រូវការបន្ទាន់ នៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិក ដើម្បីដោះស្រាយ​ផ្នែកសេដ្ឋកិច្ច និងកិច្ចគាំពារសង្គម។

សូមបញ្ជាក់ផងដែរថា ក្នុងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី​​ នឹងផ្តល់ថវិកាចំនួន១,៤៥ ពាន់លានដុល្លារ ក្នុងទម្រង់ជាឥណទាន​សម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់វិស័យ​កសិកម្ម និងការ​គ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌ ជីវភាពរស់នៅ ក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កកើតឡើងវិញ និង ការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។ គំនិត​ផ្តួច​ផ្តើមទាំងនេះ មានគោលបំណងកែលម្អលទ្ធភាពទទួល បានសេវាកម្ម និង គុណភាពសេវា​កម្មសម្រាប់ពលរដ្ឋកម្ពុជា ព្រមទាំងបរិយាកាសធុរកិច្ចផងដែរ។

លោកស្រី Sunniya Durrani-Jamal  បានបញ្ជាក់បន្ថែមទៀតថា “ធនាគារអភិវឌ្ឍន៍​អាស៊ី ប្តេជ្ញាកសាងនូវតំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកដែលប្រកបដោយវិបុលភាព បរិយាប័ន្ន ភាព​ធន់ និងនិរន្តរភាព ហើយក្នុងពេលជាមួយគ្នា នៅតែបន្តកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ ភាព​ក្រីក្រ​ធ្ងន់ធ្ងរ”៕

ដោយ អ៊ុន រិទ្ធី