យន្តការនៃការបរិច្ចាគប្រាក់បៀវត្ស ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩នៅកម្ពុជា កំពុងផុលផុសយ៉ាងខ្លាំង

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ —

គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ យន្តការនៃការបរិច្ចាគប្រាក់បៀវត្ស ដើម្បីជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធទៅនឹងជំងឺកូវីដ១៩ ចាប់តាំងពីថ្នាក់ប្រមុខរាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអភិបាលខេត្ត កំពុងតែផុលផុសយ៉ាងខ្លាំង ហើយនឹងបន្តកើនឡើងថែមទៀត។

សូមរម្លឹកថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី ចំនួន០៧ខែ ដោយអនុវត្តចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០នេះតទៅ ដោយបង្វែរចូលទៅក្នុងគណនីរបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

បន្ទាប់ពីយន្តការស្ម័គ្រចិត្តបរិច្ចាគបៀវត្សប្រកបដោយក្តីសប្បុរសធម៌របស់សម្តេចតេជោនេះ ក្នុងនោះឃើញមានការចាប់ផ្តើមមានការបរិច្ចាគប្រាក់បៀវត្សជាបន្តបន្ទាប់ រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បរិចាគប្រាក់បៀវត្សចំនួន០៧ខែ ដោយអនុវត្តចាប់ពីខែមីនា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបរិច្ចាគប្រាក់បៀវត្សចំនួន០៦ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយអនុវត្តចាប់ពីខែមេសាតទៅ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ នូវប្រាក់បៀវត្សចំនួន០៧ខែ ដោយចាប់អនុវត្តពីខែមីនានេះផងដែរ ចំណែកឯ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្នុងនាមជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង លោកជំទាវក៏បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់លោកជំទាវចំនួន០៥ខែផងដែរ ដោយគិតចាប់ពីខែមេសានេះតទៅ។

ក្នុងនោះផងដែរ យើងឃើញមានឯកឧត្តម លោកជំទាវ ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួន បានចូលរួមយ៉ាងផុលផុសជាមួយយន្តការនេះ ដូចជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ល។

សូមគូសបញ្ជាក់ថា បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា មានករណីវិជ្ជមានវីរុសកូវីដ១៩កើនឡើងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ហើយចាប់តាំងពីបង្កើតគណៈកម្មាធិការជាតិនេះមក មានសប្បុរសជនយ៉ាងច្រើនបានចាប់ផ្តើមបរិច្ចាគធនធាន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

គិតមកត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា ករណីកូវីដ១៩ដែលបានព្យាបាលជាសះស្បើយមានចំនួន៣៤ ករណីកំពុងព្យាបាលមានចំនួន៧៦ ករណីកើនថ្មីមានចំនួន១ ករណីសរុបទាំងអស់មានចំនួន១១០។

ដោយ ផែន រតនៈ